2024-11-23 21:24
120

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការចោទគ្មានការពិត ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅឯក្រៅប្រទេស ជាម្តងហើយម្តងទៀត មិនចេះមិនចប់ មិនចេះហើយ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយម ដែលតែងតែបង្កើតនូវព័ត៌មានក្លែងក្លាយ ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាភពណ៌ និងញុះញង់ ជាពិសេសថ្មីៗនេះ ពួកគេបានប្រឌិតមានថា៖ «រាជរដ្ឋាភិបាល កំពុងនឹងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណន់តេជោហើយ បានជាស្ងប់ស្ងាត់បែបនេះ»។

ជុំវិញការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនេះ ឱកាសអញ្ជើញជាអធិបតីក្នុងពិធី បិទ «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤» នារសៀលថ្ងៃសៅរ៍ ទី២៣ វិច្ចិកា ២០២៤ នេះ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ទៅកាន់ក្រុមជ្រុលនិយមនៅក្រៅស្រុកមួយក្តាប់តូចនោះ ថា៖ «គម្រោងព្រែកជីកហ្វូណនតេជោ មិនជាប់គាំងទេ ដូចដែលអស់លោកបានប្រឌិតព័ត៌មានមិនពិត បំភ្លៃ បំភ្លើល និងញុះញង់ ដើម្បីលាបពណ៌មកលើរាជរដ្ឋាភិបាលនោះឡើយ គឺគម្រោងនេះ ដំណើរការក្រោយការសិក្សា និងដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរួចរាល់»។

បន្ថែមពីលើនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា៖ «មុននឹងជីកព្រែកជីកហ្វូណន់តេជោ ទាមទាឱ្យយើងរគិតពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវជាមុនសិន»។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖ «បើអស់លោកក្រុមប្រឆាំងជ្រុលនិយមទាំាងនោះ អត់ដឹងសោះវាអត់កំហុសទេ គឺជាការបារម្ភ ប៉ុន្តែដឹងហើយថាប្រជាជនបារម្ភ បែរជាទៅជានាំគ្នាប្រឌិតព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ រុញបន្ថែមឱ្យប្រជាជនកាន់តែព្រួយបារម្ភទៀត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា៖ «គម្រោងព្រែកជីកហ្វូណន់តេជោ ចាប់ផ្តើមបុកគ្រឹះបើកការដ្ឋាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ មិនទាន់បាននឹងធ្វើអ្វីផង មានគេស្រែកថា រដ្ឋាភិបាលឈូសឆាយធ្វើឱ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ដីស្រែចំការ ដោយមិនទាន់មានដំណោះស្រាយជូនប្រជាជន បន្ទាប់មកចេញសុំទោសថាយល់ច្រឡំ និយាយខុស។ លុះក្រោយមកទៀត រាជដ្ឋាភិបាលមិនទាន់អនុវត្តគម្រោង ឬជីកព្រែកនោះ ស្រាប់តែពួកគេចោទរដ្ឋាភិបាលគ្មាមលុយ ទើបធ្វើមិនចេញទៅវិញ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី បានចំអក និងផ្តាំទៅក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលតែងតែឆ្លៀតឱកាសវាយប្រហារមករដ្ឋាភិបាលវិញ ថា៖ «តាមនិតិវិធីគេមិនដែលសម្ពោធបើកការដ្ឋានភ្លាមដាក់គ្រឿងចក្រ ដើម្បីធ្វើការឈូសឆាយ ឬជីកព្រែកនោះទេ នុះវាហ្នឹងធ្វើឱ្យប្រជាជនស្រែកយំជាមិនខាន គឺត្រូវពិនិត្យឡើងវិញតម្រាយផ្លូវ និងដោះផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ រួចរាល់អស់ហើយ ទើបដាក់គ្រឿងចក្រ ដើម្បីជីកទើបគ្មានបញ្ហាប្រឈម គិតពីផលប្រយោជន៍ប្រជនជន និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល»៕