2024-11-23 22:09
124

ភ្នំពេញ៖ «សម្តេចតេជោ ហ៊ុន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺជាតួអង្គយ៉ាងសំខាន់ដែលកងកម្លាំង និងមេដឹកនាំខ្មែរក្រហម អាចយល់ព្រមចុះចូល និងធ្វើសមាហរណកម្ម ព្រោះបើគ្មានសម្តេចតេជោ ទោះបីជាគោលនយោបាយ ឈ្នះ-ឈ្នះ ល្អយ៉ាងណាក៏ដោយ ក៏មិនអាចសម្រេចជោគជ័យបានដែរ»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទ «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤» កាលពីរសៀលថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ «គ្រប់ថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយ ដែលចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្វធ្វើនៅកម្ពុជា គឺសុទ្ធតែបានលើកឡើងអំពីសន្តិភាព និងការផ្សះផ្សាជាតិ ហើយអ្វីដែលជាពិសេស គឺការយកករណីកម្ពុជា សម្រាប់ដកស្រង់ជាបទពិសោធ និងជាការរៀនសូត្រ ជាពិសេសអំពីសុខដុមនីយកម្មសាសនា។  ជាមួយគ្នានេះ ភាពជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ ដែលឈរលើគោ​លកា​រណ៍គ្រឹះសំខាន់ ចំនួន ៣ គឺ “ការធានាអាយុជីវិត, ការធានាអាជីព និងការធានាទ្រព្យសម្បត្តិ” ដែលមូលដ្ឋាននេះ គឺកើតចេញពីសាសនា»។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែទ ក៏បានគូសបញ្ជាក់បន្ថែម អំពីមូលហេតុដែលប្រទេសកាន់តែទំនើប សាសនាកាន់តែដើរតួនាទីយ៉ាងសំខាន់ ព្រោះថាការធ្វើទំនើបកម្ម និងសាកលភាវូបនីយកម្មទាំងបច្ចេកវិទ្យា និងសាសនា កាន់តែជួយឱ្យយើងមានការអភិវឌ្ឍល្អប្រសើរ និងចីរភាព។ ក្នុងនោះជាឧទាហរណ៍ជាក់ស្តែង យើងអាចកត់សម្គាល់ថា សម្ភារៈ និងមធ្យោបាយនៃការសិក្សា ដែលពីមុនមានការលំបាកក្នុងការសិក្សា តែបច្ចុប្បន្ន កាន់តែងាយស្រួល និងឆាប់រហ័ស ពិសេសមានជម្រើសច្រើន។

សម្តេចបានបន្ថែមទៀតថា ការធ្វើសាកលភាវូបនីយកម្ម អាចនឹងធ្វើឱ្យអត្តសញ្ញាណរបស់ប្រទេសពីមួយជំនាន់ ទៅមួយជំនាន់មានភាពមិនច្បាស់លាស់ ដូចនេះភាពជោគជ័យរបស់មនុស្ស មិនមែនវាយតម្លៃតែនៅលើសម្ភារនិយមនោះទេ។ ដូចនេះការរីកចម្រើន និងអភិវឌ្ឍប្រទេស គឺត្រូវតែមានការរក្សាអត្តសញ្ញាណ ហើយការរក្សាតម្លៃ គឺត្រូវមានព្រំដែន ដែលត្រូវឈរលើការអប់រំជាគោល។

មុននឹងបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីសាសនាមានសុចរិតភាព ហើយអ្នកនយោបាយក៏ត្រូវពឹងផ្អែកលើសុចរិតភាព ដោយមិនត្រូវធ្វើជាមនុស្សដឹងរឿង ហើយនៅតែបង្កើតរឿងភូតភរប្រជាជន គឺជាការប្រព្រឹត្តអំពើបាប ព្រោះថា ការគិតពីផលប្រយោជន៍ជាតិ និងប្រជាជន គឺជាការទទួលខុសត្រូវប្រកបដោយធម៌៕