2024-11-23 23:02
101

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសម​ហា​ស​ន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២(ICAPP) បានអនុញ្ញាតឱ្យឯកឧត្តម ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ZAFER SIRAKAYA និងក្រុមការងារ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបានបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំមហាសន្និបាត ICAPP នេះ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីផងដែរ។

នាឱកាសជំនួបនេះ ឯកឧត្តម ZAFER SIRAKAYA បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងក្រុមការងារ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានសម្តែងនូវក្តីអបអរសាទរចំពោះភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា នៅឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅដើមឆ្នាំ២០២៤។

ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីការកើនឡើងជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី ដែលបានស្តែងឱ្យឃើញតាមរយៈកំណើននៃទំហំពាណិជ្ជកម្មពី ១៥២លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ទៅជាង ២៣៧លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្រុមហ៊ុនអាកាសចរណ៍តួកគី ក៏បានប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងការវិវឌ្ឍជាវិជ្ជមានទាំងនេះ និងដោយសង្កេតឃើញពីសក្តានុពលរបស់កម្ពុជា ឯកឧត្តម បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងតួកគី ពិតជាអាចសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មចំនួន ១ប៊ីលានដុល្លារអាមេរិក ដែលសម្តេចតេជោ និង ឯកឧត្តមប្រធានាធិបតី តួកកី តៃយីប អ៊ែរដូហ្កាន់ បានកំណត់នៅឆ្នាំ២០១៨។

ទន្ទឹមគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណ សម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រនៅក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងបានគូសបញ្ជាក់ក្នុងនាមប្រធានាធិបតី តៃយីប អ៊ែរដូហ្កាន់ អំពីការប្តេជ្ញាចិត្តរបស់តួកគី ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា។ នៅក្នុងន័យនេះ ឯកឧត្តម បានសម្តែងនូវក្តីស្វាគមន៍ចំពោះគម្រោងទស្សនកិច្ចរបស់សម្តេចតេជោ នៅតួកគី ជាថ្មីម្តងទៀត នៅចុងឆ្នាំ២០២៤នេះ។

ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃគណបក្ស ឯកឧត្តមក៏បានគូសបញ្ជាក់ដូចគ្នានេះដែរ ជាពិសេសការត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមនានា សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ស្របទៅតាមស្មារតីនៃអនុស្សារណៈយោគយោល់គ្នាដែលបានចុះហត្ថលេខាដោយគណបក្សទាំងពីរកាលពីខែឧសភា ឆ្នាំ២០២៤។ 

ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិ ឯកឧត្តមបានថ្លែងអំណរគុណកម្ពុជាដែលមានគោលជំហរដូចតួកគី ចំពោះបញ្ហាប៉ាឡេស្ទីន ក៏ដូចជាវិបត្តិនិងជម្លោះនៅតំបន់ហ្គាស្សា ដែលបណ្តាលឱ្យមានប្រជាជនប្រមាណ ២លាននាក់ ត្រូវធ្វើការបម្លាស់ទី និងមនុស្សជាច្រើននាក់ផ្សេងទៀតស្លាប់ និងរងបួស។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ និងមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យសម្រេចបាននូវគោលដៅ ១ប៊ីលានដុល្លារអាមេរិក ដោយផ្អែកទៅលើកម្លាំងសេដ្ឋកិច្ចរបស់តួកគី និងការិរះរកវិធីផ្សេងៗទៀត ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ។ សម្តេច ក៏បានសម្តែងនូវក្តីរីករាយដែលកម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍របស់តួកគី តាមរយៈការជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។

បន្ថែមពីលើនេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគ្មានការស្ទាក់ស្ទើរចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ហើយការធ្វើកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះ បានបើកផ្លូវឱ្យប្រទេសទាំងពីរឈានទៅបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗផងដែរ។សម្តេចបានលើកឡើងបន្ថែមថា គោលដៅទស្សនកិច្ចរបស់ សម្តេច នៅតួកគី នាពេលខាងមុខ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅលើគ្រប់វិស័យទោះបីជា សម្តេចបានផ្ទេរអំណាចទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរួចហើយក៏ដោយ។

ក្រៅពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណឯកឧត្តម ដែលបានចូលរួមមហាសន្និបាត ICAPP ដែលគួរតែជាវេទិកាមួយសំខាន់ចំពោះតួកគីក្នុងធ្វើពិពិធកម្មទំនាក់ទំនង ដោយមិនផ្តោតខ្លាំងទៅលើតែតំបន់អឺរ៉ុប នៅក្នុងកាលៈទេសៈដែលអឺរ៉ុបកំពុងប្រឈមខ្លាំងទៅនឹងបញ្ហាសន្តិសុខ។

សម្តេចតេជោ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងដែលកំពុងបង្កសោកនាដកម្ម ដែលនេះ បណ្តាលមកពីការវាយប្រហារគ្នាកាន់តែខ្លាំងឡើងៗ និងការមើលពុំឃើញអំពីលទ្ធភាពនៃការផុសចេញឡើងនូវបទឈប់បាញ់។

ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរឯកឧត្តម ZAFER SIRAKAYA និងក្រុមការងារ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕