2024-11-25 13:44
137

ខេត្តតាកែវ ៖   បន្ទាប់ពីផ្ទុះរឿងមន្ទីរពេទ្យឯកជននៅស្រុកបាទី ដែលបានបើកបំរើសេវារាប់ឆ្នាំមកហើយដោយអត់ច្បាប់ រហូតមានការចាក់ថ្នាំប្រតិកម្មធ្វើឱ្យអ្នកជំងឺស្លាប់រួចដឹកយកទៅទំលាក់ចោល រួមទាំងក្មេងមិនដឹងអីម្នាក់ផងស្រែកយំអោបសាកសព ធ្វើឱ្យមហាជនរិះគន់ទៅលើគ្រូពេទ្យថា គ្មានសីលធម៌ និងយ៉ាងព្រែផ្សៃផងនោះ ដែលបានកើតឡើងកាលពីថ្ងៃទី២២ វិច្ឆិកា ២០២៤ កន្លងទៅ ។លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានណែនាំដល់មន្ទីរសុខាភិបាលអោយបង្កើតគណៈកម្មាធិការចំរុះនៅតាមបណ្តាស្រុក ក្រុង ទាំងអស់ ដើម្បីចុះត្រួតពិនិត្យនៅតាមមន្ទីរពេទ្យឯកជនដែលកំពុងបំរើសេវាដល់អ្នកជំងីថា តើមានច្បាប់ប៉ុន្មាន និងអត់ច្បាប់មានប៉ុន្មានកន្លែង ។លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានអោយដឹងថា បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តមអភិបាលខេត្តភ្លាម លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ និងកម្លាំងអាវុធហត្ថក្រុងដូនកែវ ចៅសង្កាត់ទាំង៣នៃរដ្ឋបាលក្រុងបានចុះត្រួតពិនិត្យនៅតាមទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗនៅក្នុងក្រុងដូនកែវ ។ក្នុងនោះ បានរកឃើញទីតាំងចំនួន៦កន្លែង ដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល និងបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបិទទីតាំងបណ្តោះអាសន្នសិនរង់ចាំមានច្បាប់អនុញ្ញាតជាថ្មីទើបឲ្យដំណើរការសារជាថ្មីឡើងវិញ។លោកភិបាលក្រុងដូនកែវបានបន្តទៀតថា ទីតាំងផ្ដល់សេវាសុខាភិបាលទាំង៦ដែលមិនទាន់មានច្បាប់អនុញ្ញាតនោះរួមមាន ៖

១-មន្ទីរសម្រាកព្យាបាលនិងសម្ភព ឃ្វីន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ

២-មន្ទីរសម្រាកព្យាបាលនិងសម្ភព ដូនកែវ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ

៣-មន្ទីរសម្រាកព្យាបាលនិងសម្ភព ចិន្តារង្សី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ

៤-មន្ទីរសម្រាកព្យាបាល ប៉ុល សុខា ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ

៥-មន្ទីរសម្រាកព្យាបាល រិទ្ធ រដ្ឋា ស្ថិតនៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ

៦-មន្ទីរសម្រាកព្យាបាលនិងសម្ភព សាំង ជិនជូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្រៅ ក្រុងដូនកែវ។នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០២៤ នេះ លោក ផាន់ វាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានប្រាប់តាមទូរស័ព្ទឲ្យអ្នកព័ត៏មានដឺងថា ចំពោះរបាយការណ៍រឿងចំនួនមន្ទីរពេទ្យឯកជនមានច្បាប់ប៉ុន្មាននឹងអត់ច្បាប់ប៉ុន្មានលោកនឹងផ្តល់ជូន។