2024-11-30 15:47
156

Ghana ៖ នៅក្នុងទីផ្សារសម្លៀកបំពាក់ជជុះដ៏ធំទូលាយមួយ ក្នុងរដ្ឋធានីរបស់ប្រទេសហ្គាណា នៅចុងម្ខាងនៃផ្លូវ ម៉ូដទាន់សម័យរួមជាមួយនឹងពិធីបុណ្យដ៏ស្រស់បំព្រងបានលាតត្រដាងជាមួយនឹងភាពទាក់ទាញ ដោយមាននូវតារាបង្ហាញម៉ូតបានដើរដង្ហែរក្នុងសម្លៀកបំពាក់ ដែលអ្នករចនាបានបង្កើតវាចេញពីវត្ថុធាតុដើមដែលគេបានបោះវាចោលនៅក្នុងផ្សារ រួមបញ្ចូលទាំងអាវផ្កា ខោខូវប៊យ កាបូបស្បែក មួក និងស្រោមជើងជាដើម។

ពិធីបុណ្យនេះត្រូវបានគេហៅថា Obroni Wawu October ។ ដោយអ្នករៀបចំបានចាត់ទុកព្រឹត្តិការណ៍នេះថា ជាមធ្យោបាយដ៏តូចមួយដើម្បីជាការបង្អាក់នៃការបំផ្លិចបំផ្លាញដែលបានធ្វើឲ្យការប្រើប្រាស់ហួសកម្រិតរបស់បស្ចឹមប្រទេសបង្កឲ្យក្លាយទៅ ជាបញ្ហាបរិស្ថាននៅទ្វីបអាហ្វ្រិកដោយសម្លៀកបំពាក់ខ្លះដែលពាក់អស់ត្រូវបានគេយកទៅបោះចោលនៅក្នុងទឹក និងកន្លែងចាក់សម្រាម។

អ្នករចនាម៉ូតដ៏ល្បីម្នាក់ក្នុងពិធីបុណ្យប្រចាំឆ្នាំបាននិយាយថា ជំនួសឲ្យការអនុញ្ញាតដែលជាហេតុធ្វើឲ្យស្ទះលូ ឬឆ្នេរ ឬកន្លែងចាក់សំរាម លោកបានសម្រេចចិត្តថានឹងយកកាកសំណល់ទាំងនោះនៅក្នុងការប្រើវាដើម្បីបង្កើតទៅជាអ្វីមួយដែលថ្មី និងអាចប្រើការបាន។

ហ្គាណា គឺជាប្រទេសដែលនាំចូលសម្លៀកបំពាក់ជជុះឈានមុខគេមួយ នៅក្នុងទ្វីបអាហ្វ្រិក។ 

បន្ថែមពីនេះ ប្រទេសនេះក៏ជាប្រទេសមួយដែលដឹកជញ្ជូននូវអ្វីដែលទទួលបានពីចក្រភពអង់គ្លេស កាណាដា ចិន និងទៅកាន់កន្លែងផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក ជាដើម នេះបើយោងតាមសមាគមអ្នកចែកចាយសម្លៀកបំពាក់ប្រើរួចរបស់ហ្គាណា។

ទោះជាបីជាយ៉ាងនេះក្ដី សម្លៀកបំពាក់ដែលបាននាំចូលខ្លះមកក្នុងទម្រង់មិនល្អ បែបនេះហើយទើបអ្នកលក់ត្រូវបោះវាចោល ដើម្បីជាការទុកកន្លែងសម្រាប់ការដឹកជញ្ជូនលើកក្រោយទៀត។ 

បើយោងតាមលោក Neesha-Ann Longdon ដែលជាអ្នកគ្រប់គ្រងអាជីវកម្មសម្រាប់នាយកប្រតិបត្តិរបស់ Or Foundation បាននិយាយថាជាមធ្យម 40% នៃសម្លៀកបំពាក់រាប់លាន ដែលត្រូវបាននាំចេញក្នុងមួយសប្ដាហ៍ទៅកាន់ប្រទេសហ្គាណា បានបញ្ចប់ទៅជាកាកសំណល់។

សមាគមអ្នកលក់សម្លៀកបំពាក់ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ ដែលស្ដីពីផលប៉ះពាល់សេដ្ឋកិច្ចសង្គម និងបរិស្ថាននៃការជួញដូរសម្លៀកបំពាក់ជជុះរបស់ប្រទេសនេះ បាននិយាយថា ទំនិញត្រឹមតែ 5% ប៉ុណ្ណោះដែលទៅដល់ប្រទេសហ្គាណាដែលភាគច្រើនត្រូវបានបោះចោលភ្លាមៗ ព្រោះវាមិនអាចលក់ ឬប្រើឡើងវិញបានទេ។

យ៉ាងណាមិញ ចំពោះវិធានការគ្រប់គ្រងដើម្បីបញ្ឈប់នូវការបំពុលនេះ អង្គការដូចជា Or Foundation កំពុងតែព្យាយាមធ្វើឲ្យមានការផ្លាស់ប្ដូរ ដោយបានប្រមូលផ្ដុំមនុស្សវ័យក្មេង និងអ្នកបង្កើតម៉ូតជាច្រើននាក់ ដើម្បីស្វែងរកការប្រើប្រាស់ដ៏ល្អសម្រាប់សម្ភារៈដែលគេបានបោះបង់ចោល។