
សំណង់អត់ច្បាប់ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ខេត្តក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្អាកនឹងធ្វើការណែនាំជាលើកទី២ ក្រោយពីទទួលបានដំណឹងថាម្ចាស់ទីតាំងខាងលើនេះនៅតែបន្តលួចសាងសង់សំណង់រឹងខុសច្បាប់ចូលទៅក្នុងសមុទ្រជាបន្តបន្ទាប់។
លោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគ នឹងជាអ្នកនាំពាក្យសាលាខេត្តបានឲ្យដឹងថា នាព្រឹកថ្ងៃទី២ ថ្ងៃចន្ទ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលក្រុងបានចុះធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើបន្ថែមជុំវិញការសាងសង់ចូលក្នុងសមុទ្រ។
លោក ឯម ភា អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកផ្នែកសំណង់ បានឱ្យដឹងនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ថា លោកបានណែនាំទៅក្រុមការងាររដ្ឋបាលក្រុង នឹងជាពិសេសលោកអភិបាលក្រុង ឲ្យជួយចាត់ចែងរឿងនេះរួចហើយ។
លោក តេង វណ្ណា រិទ្ធ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ បានឲ្យដឹងផងដែរថា លោកមិនបានចុះធ្វើកំណត់ហេតុនោះទេ។
ដូច្នេះបើចង់ដឹងច្បាស់សូមទំនាក់ទំនងទៅលោក ខ៉ន ម៉ន ដែលជានាយករងរដ្ឋបាលសាលាក្រុង ព្រោះលោកជាអ្នកចុះធ្វើកំណត់ហេតុ។
ជុំវិញរឿងរ៉ាវដ៏រសើប អំពីសំណង់ខុសច្បាប់ដែលសង់ចូលទៅក្នុងសមុទ្រស្ថិតនៅក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខាងលើនេះ លោក ខ៉ន ម៉ន នាយករងរដ្ឋបាលសាលាក្រុង ជាអ្នកដឹកនាំក្រុមការងារចុះ ធ្វើកំណត់ហេតុនឹងផ្អាកនៅទីតាំងខាងលើនេះ សហការីស្ថានីទូរទស្សន៍ MSJ TV យើង ដែលប្រចាំការនៅខេត្តព្រះសីហនុបានធ្វើការទំនាក់ទំនងទៅលោកអស់រាប់សិបដងដែរតែមិនមានអ្នកលើកទូរសព្ទ។
ពោលតាំងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ហើយតាមរយៈតេលេក្រាម (Telegram)លោកចូលមើលហើយក៏លោកមិនឆ្លើយតបដែរ។
ជុំវិញរឿងរ៉ាវដ៏រសើបដឹកនាំដោយលោក ខ៉ន ម៉ន នាយករងរដ្ឋបាលសាលាក្រុងដែលបានចុះផ្អាកសំណង់ខុសច្បាប់ខាងលើនេះ យើងនៅមិនទាន់បានដឹងនៅឡើយទេថា ម្ចាស់សំណង់ខាងលើជានរណា និងមានតួនាទីអ្វីឲ្យប្រាកដនោះទេទើបហ៊ានរំលោភយកដែនសមុទ្រមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះ គ្រាន់បានតែដឹងថាលោកជាអ្នកនៅភ្នំពេញ។
ហើយក៏មិនទាន់ដឹងដែរថា តើរដ្ឋបាលសាលាក្រុងព្រះសីហនុ ទុករយៈពេលឱ្យម្ចាស់ផ្ទះខាងលើរុះរើសំណង់ខុសច្បាប់ចេញពីមាត់សមុទ្ររយៈពេលប៉ុន្មានថ្ងៃផងដែរ។
សូមបញ្ជាក់ថាសំណង់ខុសច្បាប់ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុខាងលើនេះ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុបានចុះផ្អាក មិនឲសាងសង់បន្ត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តែមិនបានបញ្ជាក់ថា ទុករយះឲ្យម្ចាស់ទីតាំងខាងលើ រួសរើសំណង់ដែលសង់រំលោភចូលសមុទ្រនេះ រយៈពេលប៉ុន្មានថ្ងៃនោះទេ។
