2024-12-05 13:10
155

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីការ ការកែសម្រួលការធ្វើចរាចររបស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូល រាជធានីភ្នំពេញ ដោយបានកំណត់តម្រាយផ្លូវ និងពេលវេលាធ្វើចរាចរសម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសំដៅធានា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ កាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្អែកតាមស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋ ក៏ដូចជាបរិមាណយានយន្តក្នុងរាជធានី ភ្នំពេញមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ធ្វើឱ្យតំបន់មួយចំនួន និងតម្រាយផ្លូវនៅក្នុងភូមិសាស្ត្រជាយរាជធានីភ្នំពេញ ដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរមិនសូវមមាញឹកក៏បានប្រែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមានការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដែលភាគច្រើន បង្កឡើងដោយរថយន្តធុនធ្ងន់។

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវធ្វើការកែ សម្រួលឡើងវិញនូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ ចេញ-ចូល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមការណែនាំដូចខាងក្រោម៖

១) រថយន្តដឹកជញ្ជូនធុនធ្ងន់ត្រូវបានកំណត់ជា ២ ប្រភេទ គឺ 
ភេទទី១៖ រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ២ (ពីរ) កម្រិតទម្ងន់សរុបអនុញ្ញាត អតិបរមារបស់រថយន្តកំណត់ត្រឹម ១៦ (ដប់ប្រាំមួយ)តោន អាចធ្វើចរាចរចេញ-ចូល រាជធានីភ្នំពេញ បាននៅពេលថ្ងៃ និងពេលយប់ ប៉ុន្តែត្រូវគោរពពេលម៉ោង តម្រាយផ្លូវ និងភូមិសាស្ត្រ ៥ខណ្ឌដែល រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ដូចមានចែងលម្អិតក្នុងឧបសម្ព័ន្ធ “ក”។

ប្រភេទទី២៖ រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ៣ (បី) ឡើងទៅ កម្រិតទម្ងន់សរុប អនុញ្ញាតអតិបរមារបស់រថយន្តកំណត់ចាប់ពី២១ (ម្ភៃមួយ)តោន ឡើងទៅ អនុញ្ញាតឱ្យធ្វើចរាចរបានពេលថ្ងៃ និងពេលយប់នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ និងអាចធ្វើចរាចរ ចេញ-ចូល រាជធានីភ្នំពេញនៅពេលយប់ចាប់ពីម៉ោង ០៩និង០០នាទីយប់ រហូតដល់ ម៉ោង ០៥និង០០ នាទីព្រឹក ប៉ុន្តែហាមធ្វើចរាចរទាំងថ្ងៃ និងយប់ក្នុងភូមិសាស្ត្រ ៥ខណ្ឌ គឺខណ្ឌដូនពេញ, ៧មករា, ចំការមន, បឹងកេងកង និងទួលគោក ព្រមទាំងផ្លូវ និងស្ពានមួយចំនួនទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដូចមានចែងលម្អិតក្នុង ឧបសម្ព័ន្ធ “ខ”។

២) ដោយឡែកចំពោះរថយន្តដឹកជញ្ជូនផ្គត់ផ្គង់ការដ្ឋានសំណង់ និងការដ្ឋានជួសជុលស្ថាបនា ផ្លូវ លូ រួមមាន៖ រថយន្តដឹកខ្សាច់ ដី ថ្ម និងបេតុង រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់លិខិតអនុញ្ញាតជាអាទិភាព ដោយឡែកដោយមានការកំណត់ពេលវេលា និងតម្រាយផ្លូវឆ្ពោះទៅកាន់ការដ្ឋាននីមួយៗ ដែលម្ចាស់យានយន្តបានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ។

៣) សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរ (Bus) គ្រប់ប្រភេទ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការណែនាំអំពីម៉ោងពេល និងតម្រាយផ្លូវក្នុងរាជធានីភ្នំពេញដោយឡែក។
៤) ចំពោះរថយន្តដែលត្រូវធ្វើចរាចរចូល និងឆ្លងកាត់រាជធានីភ្នំពេញ ហើយស្ថិតនៅក្នុងម៉ោង ហាមឃាត់ត្រូវចូលសំចតរង់ចាំនៅទីតាំងសមស្របណាមួយ ឬចំណតជាយរាជធានីភ្នំពេញ ដែលមានស្រាប់ស្ថិតនៅគ្រប់ច្រកចេញ-ចូល ផ្លូវជាតិទាំង ៦ (ផ្លូវជាតិលេខ១, លេខ២, លេខ៣, លេខ៤, លេខ៥ និងលេខ៦) និងហាមដាច់ខាតការឈប់សំចតរង់ចាំនៅតាមដងផ្លូវ ។

៥) ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រថយន្តនឹងទទួលរងនូវការ ឃាត់ទុកដោយគ្មានកាលកំណត់ ដើម្បីអប់រំណែនាំម្ចាស់រថយន្តអំពីការធ្វើចរាចរដឹកជញ្ជូនក្នុង រាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់យានយន្ត ម្ចាស់សហគ្រាស ឬអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជនដែលប្រកបអាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ អនុវត្តតាមសេចក្តីណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន។

ក្រោយពីទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តី ណែនាំខាងលើឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕