
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា «ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ គឺជាកម្មវិធីដ៏សំខាន់របស់ ក្រសួងអភិវឌ្ឍន៍ជនបទ” ដែលដើរតួនាទីជំរុញដោយផ្ទាល់ឱ្យមានការបង្កើនប្រាក់ចំណូល និងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតឱកាសការងារ មុខរបរ សហគ្រិនភាព និងទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងយ៉ាងដូច្នេះ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅទីស្ដីការក្រសួង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនជនបទ ជាច្រើនរូបទៀត។
បន្ទាប់ពីបានស្ដាប់នូវបទអន្ដរាគមន៍នៃឯកសារទស្សនាទាន នៃការសិក្សាស្រាវជ្រាវ អំពីស្ថានភាព មុខរបររបស់ប្រជាជន នៅតំបន់ជនបទ ដោយឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងការធ្វើបទបង្ហាញស្ដីពីការសិក្សាស្រាវជ្រាវ អំពីមុខរបរ និងប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅជនបទដោយលោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទរួចមក ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានផ្ដល់ឱកាសជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ សម្រួចការសិក្សាស្រាវជ្រាវនេះឱ្យបានច្បាស់លាស់និងចំគោលដៅផងដែរ។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា៖ «ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ គឺជាកម្មវិធីដ៏សំខាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដើរតួនាទីជំរុញដោយផ្ទាល់ឱ្យមានការបង្កើនប្រាក់ចំណូល និងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតឱកាសការងារ មុខរបរ សហគ្រិនភាព និងទីផ្សារ ក៏ដូចជាបង្កើនសកម្មភាពសេដ្ឋកិច្ចនានា ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម»៕
