
តាកែវ៖ នាព្រឹកថ្ងៃ ទី0៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមាត់បឹងខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួមសរុបប្រមាណ១ ៤១៦នាក់។
យោងតាមរបាយការណ៍ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញថា៖ «ក្នុងខេត្តតាកែវ មានគ្រួសារទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្រិតមូលដ្ឋានមានចំនួន ២១០ ១២១ គ្រួសារ ស្មើនឹង ៩៤,៨៥% និង ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ ១០០% ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន ចំនួន ២០៩ ៣០៨ ខ្នងផ្ទះ ស្មើនឹង ៩៤,៤៩% និងប្រើប្រាស់បង្គន់រួមចំនួន ១២ ២០០ខ្នងផ្ទះ ស្មើនឹង ៥,៥១% ជាពិសេស ខ្នងផ្ទះដែលមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% និងខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%»។
បន្ទាប់ពីស្តាប់នូវមតិស្វាគមន៍ និងរបាយការណ៍សមិទ្ធផលរបស់ ឯកឧត្ដមអភិបាលខេត្តតាកែវ និងរបាយការណ៍បញ្ជាក់ពីការបន្តគាំទ្រ និងសហការជួយចូលរួមជំរុញការងារអនាម័យជនបទរបស់អង្គការផ្លេនអន្តរជាតិក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តតាកែវសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តនាពេលនេះ។
ឯកឧត្ដមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា៖ «អង្គពិធីដ៏អធិកអធមនេះ អាចប្រព្រឹត្តទៅបានដោយសារគុណនៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស»។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តលើកឡើងថា៖ «បច្ចុប្បន្នក្រសួង បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០ ខាងមុខនេះ»។
សូមជម្រាបជូនផងដែរថា នៅត្រឹមពេលនេះមានខេត្តចំនួន ១៣ ហើយ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរួមមាន៖ ខេត្តស្វាយរៀង, ព្រៃវែង, កណ្តាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កែប, ព្រះសីហនុ, កំពង់ចាម, រតនគីរី, ខេត្តសៀមរាប, ខេត្តត្បូងឃ្មុំ, រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣ ដែលប្រារព្ធពិធីនាឱកាសនេះ ហើយក្រសួងនឹងធ្វើពិធីប្រកាសខេត្ត ODF ចំនួន ១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យចំនួនរាជធានី ខេត្ត ODF កើតឡើងដល់ ១៤ ក្នុងចំណោមរាជធានី ខេត្ត ទាំង ២៥ នៅកម្ពុជា៕
