
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ”សារាចរណែនាំស្តីពីការបញ្ឈប់ សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់” តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង ( ZOOM ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
នាពេលថ្មីៗនេះ មានការសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ឬតាមប្រព័ន្ធអនឡាញ(Online)។
នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្ដចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយ ”សារាចរណែនាំស្តីពីការបញ្ឈប់ សកម្មភាពផ្សព្វផ្សាយ ល្បែងស៊ីសងខុសច្បាប់” ដូចខាងក្រោម៖
១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសង លេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
៣. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៤. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាពនិងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៥. រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។