
ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯក ឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តបានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកជាំក្សាន្ត ក្រោមឱវាទមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ។
គោលបំណងនៃបេសកកម្មខាងលើនេះ ផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួនរួមមានទី១ ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តគិលានសង្គ្រោះ ទី២ ធនធានមនុស្ស និងបណ្តុះបណ្តាល ទី៣ សេវាគ្លីនិក (ផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវះកាត់ និងផ្នែកសម្ភព-រោគស្រ្តី និងផ្នែកសុខភាពមាត់-ធ្មេញ ទី៤ ឱសថ ឧបករណ៍ សម្ភារបរិក្ខារពេទ្យ ទី៥ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ទី៦ ការលើកកម្ពស់គុណភាពសេវា និងទី៧ លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងការកោតសរសើរពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សុខាភិបាល ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្តខ្ពស់ ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាជនទទួលបានលទ្ធផលល្អប្រសើរព្រមទាំងណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពង្រឹងសមត្ថភាពការងារ និយាមវិជ្ជាជីវៈ ការបដិសណ្ឋារកិច្ចល្អ មានឥរិយាបថទន់ភ្លន់ រួសរាយរាក់ទាក់ ក្នុងការបម្រើសេវាប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព។
ក្រោយសកម្មភាពចុះត្រួតពិនិត្យ ក្រុមការងារក៏មានកិច្ចប្រជុំបូកសរុបការងារ និងផ្តល់ព័ត៌មានត្រឡប់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី វ៉ន រតនា អភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ត នាយករដ្ឋបាលស្រុកជាំក្សាន្ត ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្រ្តីក្រោមឱវាទ ដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងលើកផែនការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកស្រុក ធ្វើយ៉ាងណាឱ្យមានការរីកចម្រើនដើម្បីបម្រើសេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាពស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕
