
រដ្ឋធានីប៉េកាំង៖ រដ្ឋាភិបាល បានខឹងសម្បាយ៉ាងខ្លាំង ចំពោះជំនួបរវាងមេដឹកនាំតៃវ៉ាន់ និង ក្រុមមន្រ្ដីសហរដ្ឋអាមេរិកខណៈលោក ឡៃ ឈីង-តេ ប្រធានាធិបតីតៃវ៉ាន់បានជួបប្រធានសភា លោក ម៉ៃខ៍ ចនសុន ហើយក្រុមមន្រ្ដីរបស់ចិនបានចាត់ទុកសកម្មភាពបែបនេះ កំពុងតែដើរហួសបន្ទាត់ក្រហមនៃទំនាក់ទំនង រវាងប្រទេសមហាសេដ្ឋកិច្ចកំពូលរបស់ពិភពលោកទាំង២នេះ។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយកាលពីព្រឹក ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ ថា លោក ឡៃ ឈីង-តេ (Lai Ching-te) ប្រធានាធិបតីតៃវ៉ាន់ជាមនុស្សដែលត្រូវបានចិន ចាត់ជាអ្នកបំបែកខ្លួនប្រកបដោយគ្រោះថ្នាក់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) ថាគាត់បានជួបចរចាគ្នាជាមួយនឹងលោក ម៉ៃខ៍ ចនសុន (Mike Johnson) ប្រធានសភាសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំនៃសភាអាមេរិកនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់ប៉ាស៊ីហ្វិកខណៈប្រទេសចិនបានហៅបញ្ហាតៃវ៉ាន់ ជាបន្ទាត់ក្រហមមួយ មិនត្រូវដើរហួសព្រំដែននៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន។
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ជាទឹកដីរបស់ចិន មិនអាចបំបែកបាន និងមិនមានសិទ្ធិណាមួយចំពោះការបង្កើតទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋនោះឡើយ។
ជាមួយគ្នានេះដែរ ក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ដល់ក្រុងវ៉ាស៊ីនតោនចំពោះការអនុញ្ញាតដល់លោក ឡៃ មេដឹកនាំតៃវ៉ាន់ ឈប់សំចត នៅលើទឹកដីរបស់សហរដ្ឋអាមេរិករួមទាំង រដ្ឋហាវ៉ៃ (Hawaii) និង ដែនដីកោះហ្គាម (Guam) ដែលជាមូលដ្ឋានកងទ័ពដ៏សំខាន់របស់ក្រុងវ៉ាស៊ីនតោននៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់ប៉ាស៊ីហ្វិក។
លោក ឡៃ ឈីង-តេ មេដឹកនាំតៃវ៉ាន់ បានបញ្ជាក់ថា គាត់បានជួបចរចាគ្នាជាមួយនឹងលោក ចនសុន ប្រធានសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ និង មេដឹកនាំសភាផ្សេងៗទៀត រួមទាំងលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) អតីតប្រធានសភា មកពីគណបក្សប្រជាធិបតេយ្យ ហើយក៏បានជួបជាមួយក្រុមអ្នកគាំទ្រដ៏រឹងមាំរបស់តៃវ៉ាន់ និង លោក ហាគីម ចេហ្វហ្វ្រាយស៍ (Hakeem Jeffries) មេដឹកនាំមតិភាគតិចនៃសភាសហរដ្ឋអាមេរិកផងដែរ។
ការិយាល័យរបស់លោក ចនសុន ប្រធានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់អំពីជំនួបនេះ ប៉ុន្ដែមិនបានបញ្ជាក់លម្អិតនោះឡើយ។ រីឯលោក ឡៃ មេដឹកនាំកំពូលរបស់តៃវ៉ាន់ ក៏បានបញ្ជាក់ថា គាត់បានចរចាជាមួយនឹងលោក រ៉ូហ្គ័រ វីកឃើរ (Roger Wicker) ព្រឹទ្ធសមាជិកសភាមកពីគណបក្សសាធារណរដ្ឋផងដែរ។
ទន្ទឹមគ្នានេះដែរ លោក ឡៃ មេដឹកនាំតៃវ៉ាន់ បានសរសេរសារបង្ហោះ នៅលើបណ្ដាញសង្គម X ដែលពីមុនគេស្គាល់ជា Twitter ថា៖« តៃវ៉ាន់ សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់សភាសហរដ្ឋអាមេរិកទាំង២គណបក្ស ខណៈយើងកំពុងតែជំរុញឲ្យមានសន្ដិភាព និង វិបុលភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ដោយឡែក លោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាក់ អំពីគោលជំហររបស់ខ្លួនរួចហើយចំពោះដំណើរទស្សនកិច្ចរបស់លោក ឡៃ មេដឹកនាំបំបែកខ្លួននៅតៃវ់ាន់ទៅកាន់សហរដ្ឋអាមេរិក។
លោក លី ជៀន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា៖«ខ្ញុំចង់បញ្ជាក់ម្តងទៀតថា បញ្ហាតៃវ៉ាន់ជាចំណុចដ៏សំខាន់សម្រាប់ផលប្រយោជន៍ស្នូលរបស់ចិន និង ជាខ្សែបន្ទាត់ក្រហមដំបូង ដែលប្រហែលជាមិនអាចត្រូវដើរហួសនៅក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកនោះឡើយ។
ដូច្នេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវតែបញ្ឈប់នូវការជ្រៀតជ្រែក ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និង បញ្ឈប់នូវការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងឯករាជ្យ និង ផ្តាច់ខ្លួនរបស់តៃវ៉ាន់។ ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនឲ្យរឹងមាំបំផុត»។
បើតាមប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសចិនអាចនឹងចាប់ផ្តើមល្បែងសង្គ្រាមជាថ្មី សម្រាប់ឆ្លើយតបទៅនឹងដំណើររបស់លោក ឡៃ មេដឹកនាំតៃវ៉ាន់ ធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក ដោយរួមទាំងការឈប់សំចតនៅលើទឹកដីរបស់សហរដ្ឋអាមេរិករួមមាន រដ្ឋហាវ៉ៃ និងកោះហ្គាម ដែលជាមូលដ្ឋានយោធាដ៏ធំបំផុតនៅតំបន់ប៉ាស៊ីហ្វិក៕
