
ឥណ្ឌា៖ រដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ការបរិភោគសាច់គោនៅកន្លែងទីសាធារណៈ បូកបញ្ចូលទាំងក្នងភោជនីយដ្ឋាន និងទីកន្លែងផ្សេងៗជាច្រើនទៀត។
លោក Himanta Biswa Sarma ដែលជានាយករដ្ឋមន្ត្រីបាននិយាយថាកាលពីថ្ងៃ ពុធ ថា នេះគឺជាការពង្រីកទៅច្បាប់មុន ដែលដាក់កម្រិតទៅលើការលក់សាច់គោនៅជិតកន្លែងសាសនាមួយចំនួនដូចជា ប្រាសាទជាដើម។
ការបរិភោគសាចច់គោគឺជាបញ្ហាដ៏រសើបមួយនៅក្នុងប្រទេសឥណ្ឌា ដោយសារតែសត្វគោត្រូវបានគោរពដោយពួកហិណ្ឌូ ដែលមានចំនួនរហូតដ៏ទៅ 80%នៃចំនួនប្រជាជនរបស់ប្រទេសឥណ្ឌា។
រដ្ឋជាច្រើន ដែលត្រូវបានគ្រប់គ្រងដោយគណបក្សជាតិនិយមហិណ្ឌូ (BJP) របស់នាយករដ្ឋមន្រ្តី Narendra Modi គឺលោកបានធ្វើការបង្ក្រាបយ៉ាងខ្លាំងទៅលើការសម្លាប់សត្វគោក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រហែលជា 2/3 នៃរដ្ឋចំនួន 28 របស់ប្រទេសឥណ្ឌា ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយ BJP បានធ្វើការហាមឃាត់ការសម្លាប់សត្វគោ និងសាច់គោមួយផ្នែកឬទាំងស្រុង (បើទោះបីជាការទទួលទានសាច់ក្របីគឺស្របច្បាប់នៅក្នុងកន្លែងទាំងនេះខ្លះក៏ដោយ)។
គួរបញ្ជាក់ថា នៅក្នុងរដ្ឋ Assam ការលក់ និងទិញសាច់គោត្រូវបានហាមឃាត់នៅឆ្នាំ 2021 នៅក្នុងតំបន់ដែលជនជាតិហិណ្ឌូ ចេន និងស៊ីក ដែលជាធម្មតាមិនបរិភោគសាច់គោ។ ហើយក្នុងច្បាប់នោះ ក៏មានការហាមឃាត់មិនឲ្យមានការលក់សាច់គោនៅក្បែរប្រាសាទដូចគ្នា។
លោក Sarma បាននិយាយថា ការហាមប្រាមថ្មីទៅលើការប្រើប្រាស់ជាសាធារណៈនឹងត្រូវបានបន្ថែមទៅក្នុងច្បាប់ដែលមានស្រាប់នោះ។
ទន្ទឹមនឹងនេះដែរ គណបក្សនយោបាយផ្សេងទៀតបានរិះគន់ចំពោះការហាមប្រាមនេះ ដោយនិយាយថាវារំខានទៅដល់សិទ្ធិរបស់ប្រជាជនក្នុងការទទួលទានអ្វីដែលពួកគេចង់បាន។
