2024-12-06 14:54
147

បាល់ទាត់៖ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អឥតខ្ចោះ ចាប់តាំងពីវគ្គសន្សំពិន្ទុ ក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រដោយកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់ ASEAN Womens Cup ឆ្នាំ២០២៤ ក្រោយតស៊ូប្រយុទ្ឌយ៉ាងស្វិតស្វាញរយៈពេល៩០នាទី ពេញលើសម៉រភូមិវាលស្មៅបៃតង និងបានចាញ់គ្រាប់បាល់ក្រុមនារីឥណ្ឌូណេស៊ី ក្នុងលទ្ធផល១-៣ នៅវគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នាពហុកីឡដ្ឋាន New Laos National Stadium ប្រទេសឡាវ

គួររំលេចផងដែរថា កន្លងមកក្រុមបាល់ទាត់បុរសកម្ពុជា ធ្លាប់ទទួលបានពានរង្វាន់ក្នុងវគ្គជម្រុះ AFF Championship កាលពីឆ្នាំ២០១៦ ដោយបានយកឈ្នះឡាវ ដោយលទ្ធផល ២-១,  ឈ្នះព្រុយណេ ដោយលទ្ធផល៣-០ និងឈ្នះទីម័រខាងកើត ដោយលទ្ធផល៣-២ ដើម្បីទទួលបានកៅអីឡើងជុំចុងក្រោយ 2016 AFF Championship ខណៈក្រុមU23 កម្ពុជា ធ្លាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេមឆ្នាំ២០១៩ ។ ប៉ុន្តែ ក្រុមជម្រើសជាតិនារី នៅមិនទាន់ស្គាល់រស់ជាតិឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត នៅលើសម៉រភូមិវាលស្មៅដ៏ក្ដៅគគុកមួយនេះនៅឡើយទេ។

មែនទែនទៅ នេះគឺជាការបើកទំព័រប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជាថ្មីមួយទៀត ដែលធ្វើបានដោយក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា។ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបង្កើតកំណត់ត្រា៣យ៉ាង លើឆាកអន្តរជាតិ រួមមាន៖ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ២០២៣

ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ASEAN Womens Cup ឆ្នាំ ២០២៤ លើក ដំបូង និងឡើងវគ្គផ្តាច់ព្រ័ត្រពាន ASEAN Womens Cup ឆ្នាំ២០២៤ លើកដំបូងដោយទទួលបានចំណាត់ថ្នាក់លេខ ២ ។

គួរជម្រាបជូនថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជា បានឈ្នះម៉ាឡេស៊ី ២-០ និងស្មើឥណ្ឌូណេស៊ី ០-០ រកបាន៤ពិន្ទុ ឈរលើកំពូលតារាងពូល A ដើម្បីផ្លងផុតវគ្គជម្រុះក្នុងពូល។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមនារីកម្ពុជា បានឈ្នះទីម័រខាងកើត ដោយលទ្ធផល៣-០ ដើម្បីបន្តដំណើរទៅដល់វគ្គផ្តាច់ព្រ័ត្រ ដែលត្រូវជួបឥណ្ឌូណេស៊ីជាថ្មី និងបានចាញ់ ដោយលទ្ធផល ១-៣ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ២។ ដូច្នេះ ក្រុម បាល់ទាត់ជម្រើសជាតិនារីឡើងទៅពាន រង្វាន់ ASEAN Womens Cup ២០២៤ លេខ១៖ ក្រុម នារី ឥណ្ឌូណេស៊ី, លេខ២៖ ក្រុម នារីកម្ពុជា, លេខ៣៖ ក្រុម នារីសិង្ហបុរី ។ គួរជម្រាបជូនថា តាមរយៈការទទួលបានចំណាត់ថ្នាក់លេខ២ នេះ ក្រុមនារីកម្ពុជា ទទួលបានកៅអីឡើងទៅប្រកួតពានរង្វាន់កម្រិតទី១សម្រាប់ការប្រកួតបន្ត ក្នុងពានរង្វាន់ ASEAN Womens Championship ឆ្នាំ២០២៥៕