
រតនគិរី៖ សេចក្តីរាយការណ៍ពីប្រជាសហគមន៍ បានឱ្យដឹងថា សកម្មភាពឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើកំពុងកើតមានយ៉ាងរង្គាល នៅតំបន់កន្ទុយនាគ ក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្ត្រឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយមានការដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ចេញពីតំបន់ការពារបរិស្ថាន ទាំងយប់ទាំងថ្ងៃ យកមកស្តុបទុកក្បែរផ្លូវក្រវ៉ាត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម យ៉ាងក្តៅគគុក ប៉ុន្តែគ្មានការបង្ក្រាបនោះទេ។
យោងតាមសេចក្តីរាយការណ៍ដដែល បានឱ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សបរិស្ថាននេះ សង្កេតឃើញថា ក្រុមឈ្មួញបានប្រើប្រាស់មធ្យោបាយគោយន្តកែច្នៃ រថយន្តប៉ាកុង (អារ៉េវ) ដឹកជញ្ជូនប្រភេទឈើមូលដែលមុខកាត់ធំៗចម្រុះមានប្រវែងវែង ចេញពីឧទ្យានជាតិវរៈ (តំបន់ជ័យកន្ទុយនាគ) យ៉ាងគគ្រឹកគគ្រេងគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឡើយ។ តាមពលរដ្ឋលើកឡើងថា ប្រសិនបើបន្តបណ្តែតបណ្តោយយ៉ាងគ្មានវិធានការទប់ទប់ស្កាត់ បង្ក្រាបបន្ទាន់នោះទេ ព្រៃឈើក្នុងតំបន់ការពារព្រៃឈើវីរៈជ័យ នឹងប្រឈមមុខបាត់បង់ និងរងវិនាសសកម្មក្នុងពេលដ៏ខ្លីឆាប់ៗនេះជាក់ជាមិនខាន។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា ឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើនៅតំបន់កន្ទុយនេះ ពួកគេបានជំរុំស្នាក់ក្នុងព្រៃតំបន់ការពារបរិស្ថានតែម្តង។ ភាគច្រើនអ្នកចូលកាប់ឈើជាជនជាតិវៀតណាម និងមានពលរដ្ឋខ្មែរតិចតូចបំផុត។
ពាក់ព័ន្ធករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់កន្ទុយនាគខាងលើ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់កាសែតក្នុងស្រុកថា «ករណីកាប់បំផ្លាញ់ព្រៃឈើ នៅចំណុចខាងលើនេះ សង្ស័យជាផ្ទៃដីរបស់ ក្រុមហ៊ុនមួយដែលមានឈ្មោះ នុភាព សុភី អ៊ិនវេសមេន ដែលចាប់ផ្តើមដំណើរឈូសឆាយសម្អាតផ្ទៃដីស្ថិតនៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី»។ ដោយឡែក លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី សុំអាចសុំការបំភ្លឺបានទេ ជុំវិញសកម្មភាពកាប់បំផ្លាញព្រៃយ៉ាងរង្គាលក្នុងតំបន់ឧទ្យានជាតិវីរៈជ័យនោះ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែធ្ន ឆ្នាំ២០២៤ នេះ ក្រុមការងារទូរទស្សន៍ អឹម អេស ជេ បានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំការបញ្ជាក់អំពីវិធានទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់កន្ទុយនាគ ឧទ្យានជាតិវីរៈជ័យ លោកបានមើលសារ ប៉ុន្តែមិនបានឆ្លើយតបណាមួយឡើយ។
ចំណែក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អង្គភាព អឹម អេស ជេ បានសុំការបញ្ជាក់អំពីវិធាននៃការទប់ស្កាត់អំពីវិនាសសកម្មកាប់បំផ្លាញព្រៃឈើក្នុងតំបន់កន្ទុយនាគ ក្នុងភូមិសាស្ត្រឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតគិរី តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ដោយលោករដ្ឋមន្ត្រីមើលហើយ តែគ្មានការឆ្លើយតបនោះទេ៕

