
ប្រទេសថៃ៖ បើយោងទៅតាមការបង្ហាញពីគេហទំព័រ Bangkok Post នាថ្ងៃ ចន្ទ ទី ០៩ខែ ធ្នូ នេះដែរ ប៉ូលីសបានចាប់ខ្លួនមនុស្សជាង ១២០ នាក់ ដែលស្លៀកតែខោក្នុងនៅក្នុងបន្ទប់សណ្ឋាគារបាងកកមួយ ដោយពួកគេកំពុងតែជប់លៀងកាលពីព្រឹកថ្ងៃអាទិត្យ។
បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក បញ្ញា អមរាភិតាក ដែលជានាយប៉ុស្តិ៍នគរបាល ថោងឡោ បាននិយាយថា ប៉ូលីសបានធ្វើការបញ្ឈប់ពិធីជប់លៀងនៅក្នុងសណ្ឋាគារមួយដែលមានបន្ទប់លេខ ២០០១ ជាន់ទី ២០ ក្នុងសណ្ឋាគារ S31 ដែលស្ថិតក្នុងសង្កាត់វត្តថាណា នាវេលាម៉ោង ១ និង ៣០ នាទីនាព្រឹកកាលពីថ្ងៃអាទិត្យ។
ដោយនៅក្នុងប៉ូលីសបានរកឃើញបុរសដែលជាជនជាតិថៃ និងបរទេសចំនួន ១២៤ នាក់ ដែលភាគច្រើនគឺជាភេទទីបី ដែលបានយកគ្រឿងញៀនទាំងនោះទៅលាក់ទុកនៅក្នុងខោក្នុងរបស់ពួកគេ ដោយនៅក្នុងនោះក៏មានស្រ្តីមួយចំនួនផងដែរ ដែលថ្នាំញៀនទាំងនោះគឺជាប្រភេទ កេតាមីន (Ketamine) ។
ហើយជាលទ្ធផលពេលតេស្តរួច ប៉ូលីសក៏បានរកឃើញថានៅក្នុងចំណោមអ្នកដែលបានលាក់គ្រឿងញៀនទាំងនោះ មានមនុស្សចំនួន ៣១ នាក់ ដែលនៅក្នុងនោះមានស្រ្តីម្នាក់មានផ្ទុកនូវសារធាតុញៀន និង ៦៦ នាក់ផ្សេងទៀតបូករួមទាំងស្រ្តីម្នាក់ទៀត ដែលបានចូលរួមក្នុងការប្រើប្រាស់គ្រឿងញៀន។ ហើយចំពោះ អ្នកចូលរួមចំនួន ២៧ នាក់ទៀត គ្មាននូវសារធាតុញៀននៅក្នុងទឹកនោមទេ ហើយក៏ត្រូវបានដោះលែងផងដែរ។
គួរបញ្ជាក់ថា អ្នកដែលបានចូលរួមនៅក្នុងពិធីជប់លៀងនោះផងដែរ ក្នុងនោះគឺរួមមាននូវវត្តមានរបស់វេជ្ជបណ្ឌិត និងប្រតិបត្តិករគ្លីនិកកែសម្ជស្សផងដែរ។

