
ប្រទេសថៃ៖ អ្នកចម្រៀងថៃវ័យក្មេងរូបស្រស់ម្នាក់ បានស្លាប់កាលពីព្រឹកថ្ងៃ អាទិត្យ បន្ទាប់ពីទទួលបាននូវការម៉ាស្សាចំនួនបីលើក ដែលក្នុងករណីនេះដែរ មានមនុស្សពីរនាក់បានជាប់ពាក់ព័ន្ធទៅនឹងករណីម៉ាស្សានេះ ដែលស្ថិតក្នុងខេត្ត ឧដុន ថានី (Udon Thani) ភាគឦសាន នៃប្រទេសថៃ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ Bangkok Post នាថ្ងៃ ចន្ទ ទី ០៩ ខែ ធ្នូ នេះ។
ឆៃយាដា ប្រាវហុម (Chayada Prao-hom) ត្រូវបានគេប្រកាសថា បានស្លាប់ដោយសារការឆ្លងមេរោគនៅក្នុងឈាម និងហើមខួរក្បាល នាវេលាម៉ោង ៦ ព្រឹក នៅឯមន្ទីរពេទ្យ ICU ក្នុងទីក្រុង ឧដុន ថានី (Udon Thani) ។
បើយោងទៅតាមការបញ្ជាក់របស់មិត្តប្រុស ឆៃយាដា ប្រាវហុម (Chayada Prao-hom) បាននិយាយថា បន្ទាប់ពីនាងបានសម្ដែងកាលពីថ្ងៃទី ០៥ ខែ តុលា រួចមក តារាចម្រៀងរូបស្រស់ម្នាក់នេះ ហាក់ឈឺខ្នងខុសពីធម្មតា រួចក៏បានសុំឲ្យសង្សារខ្លួននាំទៅហាងម៉ាស្សាថៃ នៅឯ ឧដុន ថានី។
តែបន្ទាប់ពីការម៉ាស្សារួច នាងហាក់ចាប់ផ្ដើមមានអារម្មណ៍ថាស្ពឹកនៅលើពាក់កណ្ដាលនៃរាងកាយរបស់នាងខុសពីធម្មតា។
រហូតដ៏យូរៗទៅនាងមិនអាចធ្វើចលនារាងកាយទាំងមូលបាន។ ហើយលុះដល់ថ្ងៃទី ៦ ខែ វិច្ឆិកា ឆៃដា ក៏បានទៅហាងម៉ាស្សានោះដដែលចំនួនបីដង ក្នុងរយៈពេលប្រហែលជាមួយខែ។
ហើយបន្ទាប់ពីសប្ដាហ៍ក្រោយមក នាងចាប់ផ្ដើមមានការឈឺចាប់ និងមានស្នាមជាំពេញដងខ្លួន បើទោះបីជានាងបន្តលេបថ្នាំបំបាត់ការឈឺចាប់យ៉ាងណាក៏ដោយហើយអាការៈរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ រហូតដល់ថ្ងៃទី ១៨ ខែ វិច្ឆិកា ស្ថានភាពរបស់តារាចម្រៀងរូបនេះ កាន់តែមិនបានធូរស្បើយសោះឡើយ រហូតដល់នាងមិនអាចកម្រើករាងកាយទាំងមូលបានរហូតត្រូវគេងនៅលើគ្រែពេទ្យជាប់រហូត។
លុះរហូតមកដល់ព្រឹក ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ នាងក៏បានបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះតែម្ដងទៅ។
