2024-12-09 16:50
204

កំពង់ស្ពឺ៖ ស្ត្រីជាម្ចាស់ហាងការ៉ាអូខេ និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ 

ជនសង្ស័យទាំង២នាក់ រួមមាន ទី១៖ ឈ្មោះ អុំ ឆវី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ ម្ចាស់ផ្ទះខារ៉ាអូខេ មានទីលំភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២៖ ឈ្មោះ សៅ មករា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

ប្រភពបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៤៧នាទីល្ងាច កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចខារ៉ាអូខេ វិរតន៍១៦៨ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន៖ ម្សៅក្រាមសរថ្លា ចំនួន ០៥ កញ្ចប់ធំល្មម, ម៉ូតូ ០១ គ្រឿង, ទូរសព្ទចំនួន ០៤ គ្រឿង, ជញ្ជឹងថ្លឹង ចំនួន ០១ គឿង, នាឡិការ ចំនួន ០៣ គ្រឿង និងលុយ ចំនួន ១០០.០០០រៀល។ 

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់៕