
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញដឹកនាំអង្គប្រជុំ ដើម្បីត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកនៃសាធារណរដ្ឋកូរ៉េ (DDH-978, Destroyer), ការត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤, ការប្រារព្ធខួបលើកទី៨០ នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២៤) ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ និងការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
ការដឹកនាំកិច្ចប្រជុំនេះ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមជម្រាបថា នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ និងការចូលចត នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក (USS SAVANNAH) នាថ្ងៃទី១៦-២០ ខែធ្នូ ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ លោកមេបញ្ជាការរង និងជានាយសេនាធិការ ក៏បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពតំបន់ឆ្នេរ» ផងដែរ។
ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌនិងចីរភាពតំបន់ឆ្នេរ» នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានឆ្នេរថ្មី ចន្លោះស្ពានឥន្ធនូ (ស្ពានចាស់) និងស្ពានថ្មព្រែកកំពង់បាយថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
សម្រាប់ពិធីបើកជាផ្លូវការនៃពិធីបុណ្យសមុទ្រលើកទី១១ នេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអន្តរជាតិ អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។
កិច្ចប្រជុំការងារសន្តិសុខនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំង២ ផងដែរ៕
