
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលរដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញអំពីកញ្ចប់ជំនួយគ្រឿងសព្វាវុធ និងសម្ភារយោធាថ្មីមានតម្លៃរហូតដល់៩៨៨លានដុល្លារជួយដល់រដ្ឋាភិបាលក្រុងកៀវ ដែលកំពុងតែធ្វើសង្គ្រាម ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី អស់រយៈពេលជាង១០០០ថ្ងៃកន្លងមកនេះ។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់និងមានការចរចាសន្ដិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់នូវសង្គ្រាមដ៏ឃោរឃៅនេះ ដោយបានជំរុញដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymr Zelenskiy) និង មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទី ចុះលក្ខខណ្ឌព្រមព្រៀងរបស់ពួកគេ។
លោក ដូណាល់ ត្រាំ បានធ្វើអត្ថាធិប្បាយបែបនេះ ត្រឹមតែរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីគាត់បានជួបជាមួយនឹងលោកប្រធានាធិបតី ហ្សេឡែនស្គី នៅក្នុងរដ្ឋធានីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់ការចរចាទល់មុខគ្នាជាលើកដំបូងរបស់មេដឹកនាំទាំង២នាក់នេះ ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោត នៅសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤មក។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនោះ លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា គាត់នឹងនាំយកការចរចាបញ្ចប់ជម្លោះ ប៉ុន្តែរហូតមកដល់ពេលនេះ គាត់នៅមិនទាន់បានផ្តល់ព័ត៌មានលម្អិតនៅឡើយ។
លោក ដូណាល់ ត្រាំ បានសរសេរលើបណ្ដាញសង្គម Truth Social ដែលគាត់បានបង្កើតដោយខ្លួនឯងថា៖«លោកប្រធានាធិបតី ហ្សេឡែនស្គី និង អ៊ុយក្រែន ចង់ធ្វើកិច្ចព្រមព្រៀងមួយ និងបញ្ឈប់នូវអរិភាព។
រដ្ឋាភិបាលក្រុងកៀវ បានបាត់បង់កងទ័ព ប្រហែល ៤០០០០០ នាក់។
ដូច្នេះសង្គ្រាមនៅអ៊ុយក្រែន គួរតែមានបទឈប់បាញ់ជាបន្ទាន់ ហើយការចរចាគួរតែចាប់ផ្តើមឡើងផងដែរ។
ខ្ញុំស្គាល់លោក វ្ល៉ាឌីមៀ ពូទីន ច្បាស់ណាស់។
នេះជាពេលវេលារបស់គាត់ សម្រាប់ធ្វើសកម្មភាព។ ប្រទេសចិន ក៏អាចជួយបាន ហើយពិភពលោកកំពុងតែរង់ចាំមើលផងដែរ»។
ស្របគ្នានេះដែរ សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញនូវកញ្ចប់ជំនួយយោធាថ្មី មានទំហំទឹកប្រាក់ ចំនួន៩៨៨លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
កញ្ចប់ថវិកាស្ទើរតែពាក់កណ្តាល ដោយមានទំហំទឹកប្រាក់ចំនួន២,២១ពាន់លានដុល្លារ ដែលនៅសេសសល់នៅក្នុងគំនិតផ្តួចផ្តើមជំនួយសន្តិសុខរបស់អ៊ុយក្រែនខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាចិត្តនៅក្នុងការទិញអាវុធពីក្រុមហ៊ុនឧស្សាហកម្មនានា ច្រើនជាងការដកចេញពីឃ្លាំងស្តុកអាវុធរបស់សហរដ្ឋអាមេរិក។
មូលនិធិ USAI នឹងត្រូវឆ្ពោះទៅរកការទិញគ្រាប់រំសេវ សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាយម៉ាស់ (HIMARS) ផលិតដោយក្រុមហ៊ុនឡក់ឃីតម៉ាទីន (Lockheed Martin)។
ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា ចាប់តាំងពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ អ៊ុយក្រែន បានបាត់បង់កងទ័ពចំនួន ៤៣ ០០០នាក់ និង រងរបួសចំនួន ៣៧០ ០០០នាក់។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា បើគិតចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ទាហានរុស្ស៊ីបានរងការខូចខាតចំនួន ៧៥៣ ៣៧០នាក់ ដោយរាប់បញ្ចូលទាំងការស្លាប់ និងរបួសចំនួន ១ ៤៦០នាក់ កាលពី២៤ម៉ោងមុនផងដែរ។
បើទោះជាយ៉ាងណាក៏ដោយសេចក្ដីរាយការណ៍ទាំងនេះគ្រាន់តែជាការអះអាងរបស់អ៊ុយក្រែនតែប៉ុណ្ណោះខណៈរុស្ស៊ីមិនបានបង្ហាញអំពីចំនួនទាហានរបស់ខ្លួនរការខូចខាត ស្លាប់ ឬ រងរបួស៕
