
រដ្ឋធានីដាម៉ាស់៖ អ្នកទោសរាប់ម៉ឺននាក់ ត្រូវបានដោះលែង ក្រោយពេលក្រុមឧទ្ទាមប្រដាប់អាវុធរបស់ស៊ីរី បានប្រើប្រាស់ការវាយលុយចុងក្រោយរបស់ខ្លួនត្រឹមតែរយៈពេល១១ថ្ងៃ រហូតឈានដល់ការផ្ដួលរំលំរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី បាសារ អាល់អាសសាដ កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ ហើយមេដឹកនាំនៃប្រទេសមជ្ឈិមបូព៌ាមួយនេះ និងក្រុមគ្រួសាររបស់គាត់ត្រូវបានគេរាយការណ៍ អំពីការសុំសិទ្ធិជ្រកកោននៅប្រទេសរុស្ស៊ី។
ទូរទស្សន៍ Al Jazeera បានផ្សាយកាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ថាស្រ្ដីម្នាក់ ឈ្មោះ ហាឡា (Hala) បានប្រាប់ដល់ក្រុមអ្នកកាសែតថា ឈ្មោះរបស់នាងមានលេខទី១១០០ នៅក្នុងចំណោមអ្នកទោសរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយការដួលរលំនៃរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី បាសារ អាល់អាសសាដ។
អ្នកស្រីបានប្រាប់ដល់ Al Jazeera ថានាងត្រូវបានគេនាំចេញពីប៉ុស្តិ៍ត្រួតពិនិត្យមួយស្ថិតក្នុងទីក្រុងហាម៉ា (Hama) កាលពីអំឡុងឆ្នាំ២០១៩ ហើយត្រូវបានចោទប្រកាន់ពីបទ«អំពើភេរវកម្ម»។
ការចោទប្រកាន់បែបនេះ តែងតែកើតមានជាជារឿយៗ ខណៈអាជ្ញាធរបានទម្លាក់កំហុសទៅលើជនណាម្នាក់ក្រោមការសង្ស័យថា ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អាល់អាសសាដ។
ប៉ុន្ដែនាងត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយពេលកងកម្លាំងប្រឆាំងស៊ីរី បានមកដល់ពន្ធនាគារមួយ នាកណ្តាលក្រុងអាឡេបប៉ូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ខណៈអ្នកទោសរាប់ពាន់នាក់ផ្សេងទៀតក៏ត្រូវបានដោះលែងផងដែរ។
បើតាមក្រុមអង្គការសិទ្ធិមនុស្សជាច្រើនបម្រើការងារនៅក្នុងប្រទេសស៊ីរីបានឲ្យដឹងថា អ្នកស្រី ហាឡា គ្រាន់តែជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកទោសជាង ១៣៦ ៦១៤នាក់ ត្រូវបានរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី អាល់អាសសាដ ចាប់ឃុំឃាំង នៅក្នុងបណ្តាញពន្ធនាគារដ៏ឃោរឃៅជាច្រើន នៅក្នុងប្រទេសស៊ីរីនៅមុនពេលក្រុមឧទ្ទាមបានវាយលុកផ្ដួលរំលំរបបរបស់គាត់៕
