
ខេត្តភេចាប៊ុន (ប្រទេសថៃ)៖ បុរស ៥ នាក់ត្រូវបាន គេប្រទះឃើញស្លាប់នៅក្នុងអាងចិញ្ចឹមត្រីមួយកន្លែង ដែលស្ថិតនៅក្នុងស្រុក ឡំសាក់ នៃខេត្តភាគខាងជើងប្រទេសថៃ កាលពីល្ងាចថ្ងៃ ចន្ទ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Bangkok Post កាលពីថ្ងៃ អង្គារ ទី ០៩ ខែ ធ្នូ នេះ។
នៅម៉ោងប្រហែល ៥ ល្ងាច ប៉ូលីសនៅឯស្ថានីយ៍ ឡុម សាក់ (Lom Sak) បានទទួលដំណឹងថា មានមនុស្សស្លាប់ក្នុងរោងចក្រមួយនៅ Tambon Nong Khai ។
បុរសទាំងប្រាំនាក់ដែលស្លាប់នោះ ត្រូវបានគេស្គាល់អត្តសញ្ញាណត្រឹមតែឈ្មោះរបស់ពួកគេប៉ុណ្ណោះ។
នៅមុនពេលកើតហេតុ ស្រ្តីដែលមានអាយុ ៦៦ ឆ្នាំ ដែលជាមិត្តរបស់ម្ចាស់រោងចក្របានរាយការណ៍ទៅកាន់ប៉ូលីសតាមរយៈ Hotline 191 ថាម្ចាស់ផ្ទះមិនអាចទាក់ទងកូនប្រសារ និងកម្មកររោងចក្របានទេ។
បន្ទាប់ពីទទួលបានការរាយការណ៍បែបនេះហើយ ប៉ូលីសដែលល្បាតនៅទីនោះបានចុះទៅដល់កន្លែងកើតហេតុ និងបានប្រទះឃើញសាកសពរបស់បុរសទាំងប្រាំនាក់នោះ កំពុងតែស្កូកស្ដឹងនៅក្នុងអាងទឹកចិញ្ចឹមត្រីនោះទៅហើយ។
ក្រោយពេលពិនិត្យសាកសពរួច ប៉ូលីសក៏បានដឹងថាម្ចាស់រោងចក្របានបញ្ជាឲ្យកម្មករសម្អាតអាងចិញ្ចឹមត្រី មុននឹងបាត់ទំនាក់ទំនងជាមួយនឹងកម្មករទាំងប្រាំនាក់នោះ។
ហើយចំពោះរឿងរ៉ាវដែលបានកើតឡើងខាងលើនេះផងដែរ ពេលនេះប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងមូលហេតុនៃការស្លាប់យ៉ាងអាថ៌កំបាំងនេះ។
