
រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងត្បូង បានចាប់ខ្លួនអតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងបានហាមឃាត់ដល់លោកប្រធានាធិបតី យូន ស៊ុកយូល ក្រោយពេលគាត់បានផ្សាយបន្ដផ្ទាល់ ដោយបានប្រកាសដាក់ប្រទេសឲ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤។
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា ក្រសួងយុត្ដិធម៌កូរ៉េខាងត្បូង បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា លោក យូន ស៊ុកយូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។
បម្រាមនេះ បានកើតឡើង មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីលោកប្រធានាធិបតី យូន ស៊ុកយូល បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរ ក្រោយការដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក មួយរយៈពេលដ៏ខ្លីបំផុត នៅមុនពេលគាត់លុបចោលវិញ ក្រោយការប្រកាសមិនដល់២ម៉ោងផង។
លោកប្រធានាធិបតី យូន ស៊ុកយូល បានបញ្ជូនកងកម្លាំងពិសេស និង ឧទ្ធម្ភាគចក្រ ទៅកាន់រដ្ឋសភា កាលពីយប់ ថ្ងៃអង្គារ ទី៣ ខែធ្នូ នៅមុនពេលសមាជិកសភា បានបង្ខំឱ្យគាត់លុបចោលនូវបទបញ្ជាដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដោយបដិសេធនូវក្រឹត្យរបស់គាត់។
លោកប្រធានាធិបតី បានក្លាយជាមេដឹកនាំ មិនមានប្រជាប្រិយភាពរបស់ប្រទេសកូរ៉េខាងត្បូង ថ្វីបើគាត់បានរួចផុតពីការចោទប្រកាន់ នៅក្នុងសភា កាលពីថ្ងៃសៅរ៍ ទី៧ ខែធ្នូ យ៉ាងណាក្ដី។ ប៉ុន្ដែហ្វូងមនុស្សយ៉ាងច្រើន បានតស៊ូជាមួយនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ដើម្បីអំពាវនាវឱ្យបណ្តេញគាត់ ចេញពីតំណែង។
បើទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតមួយបាននិងកំពុងតែបន្ដទៅលើលោកប្រធានាធិបតី យូន និង សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់គាត់ រួមទាំងការស៊ើបអង្កេត សម្រាប់ការចោទប្រកាន់ ពីបទក្បត់ជាតិផងដែរ។
ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី៩ ខែធ្នូ ថា លោក យូន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។
ស្របគ្នានេះដែរ សមាជិកសភាម្នាក់បានចោទសួរនៅក្នុងសវនាការរបស់រដ្ឋសភាកាលពីថ្ងៃចន្ទ ថាតើលោកប្រធានាធិបតី យូន ត្រូវតែហាមឃាត់មិនឱ្យចាកចេញពីប្រទេសដែរឬយ៉ាងណា។ លោក បេ សាងអាប់ (Bae Sang-up) ស្នងការសេវាកម្មអន្តោប្រវេសន៍ នៃក្រសួងយុត្ដធម៌ បានឆ្លើយ ថា៖ «បាទ! លោកប្រធានាធិបតី ពិតជាត្រូវបានហាមឃាត់ ចាកចេញពីប្រទេសកូរ៉េខាងត្បូង មែន»។
បើតាមទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនលោក គីម យ៉ុងហ្យុន (Kim Yong-hyun) អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិ កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ ជុំវិញតួនាទីរបស់គាត់នៅក្នុងការផ្ដល់គំនិតដល់លោកប្រធានាធិបតី យូន ជំរុញឲ្យដាក់ប្រទេសកូរ៉េខាងត្បូង ក្រោមច្បាប់អាជ្ញាសឹក៕
