2024-12-10 11:38
122

ភ្នំពេញ៖ ប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មានភាពរឹងមាំដូចសព្វថ្ងៃគឺដោយប្រទេសជាតិមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែលរកបានមកដោយលំបាកបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តពូនជ្រំនិងថែទាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើគ្មាន «សន្តិភាព» ទេ ម៉្លេះយើងមិនអាចរៀបចំការបោះឆ្នោតជាច្រើនបានយ៉ាងទៀងទាត់ និងមានគណបក្សនយោបាយជាច្រើនបានចូលរួមប្រកួតប្រជែងនោះឡើយ។

នេះជាការលើកឡើងរបស់ឯកឧត្ដមកើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញខណៈ អញ្ជើញជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤»នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមកើត ឆែ បានបន្តឲ្យដឹងទៀតថា នៅក្នុងឆ្នាំ១៩៩៣ ដោយប្រទេសកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមស៊ីវិលនៅឡើយ គួបផ្សំនឹងក្រុមខ្មែរក្រហមបានកាន់កាប់តំបន់មួយចំនួនផងនោះ ទើបធ្វើឱ្យការបោះឆ្នោតពុំអាចដំណើរការបានពេញលេញលើផ្ទៃប្រទេស។ 

ប៉ុន្តែបន្ទាប់ពីការដាក់ចេញនូវ «នយោបាយឈ្នះ ឈ្នះ» ដោយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនាថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល និងសម្រេចបាននូវឯកភាពជាតិ ទឹកដី ក្រោមម្លប់ «សន្តិភាព» ហើយប្រទេសកម្ពុជាក៏បានរៀបចំការបោះឆ្នោត យ៉ាងទៀងទាត់ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ចាប់ពីពេលនោះរហូតមកទល់បច្ចុប្បន្ន។

ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ វគ្គតម្រង់ទិសនេះគឺដើម្បីអោយប្រធាន ក្រុម ប្រឹក្សាខណ្ឌ សមាជិក-សមាជិកា ក្រុមប្រឹក្សាខណ្ឌទាំង១៤ ទទួលបានចំណេះដឹងលើទិដ្ឋភាព ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តតួនាទី-ភារកិច្ចរបស់ខ្លួន។

ឯកឧត្ដមបានបញ្ជាក់ថា៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ បានចូលជាធរមានកាលពីឆ្នាំ២០០៨, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ បានចំនួន ០៤ លើករួចមកហើយ ដែលលើក ក្រោយបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្ដមកើត ឆែ បានបន្តទៀតថា៖ វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ជូនដល់ក្រុមប្រឹក្សាខណ្ឌនេះ ត្រូវបានរៀបចំឡើងជាធម្មតានៅរៀងរាល់ដើមអាណត្តិ ដើម្បីអង្គដែលកើតចេញពី ការបោះឆ្នោតទាំងសកល និងអសកលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ ចូលរួមលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ 

វគ្គតម្រង់ទិសនេះមានគោលបំណងផ្សព្វផ្សាយ និងបញ្ជាបអំពីទ្រឹស្តី និង លិខិតបទដ្ឋាន គតិយុត្តមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការដ្ឋានកំណែទម្រង់សំខាន់ៗដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមាន៖ កំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ 

ទទួលបានចំណេះដឹងលើការកសាងផែនការអភិវឌ្ឍរយៈពេល ០៥ ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល, សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាក៏ដូចជាការធ្វើបច្ចុប្បន្នភាពបន្ថែមលើទិដ្ឋភាព «មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ» ជាពិសេស «ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ»៕