
រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាលកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមសាស្ត្រា ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោក ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងប្រធានមន្ទីរសុខា ភិបាលរាជធានីខេត្ត តាមរយៈប្រព័ន្ធ Zoom ផងដែរ ។
នៅក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមបន្តបំពេញតួនាទីភារកិច្ចឱ្យបានសកម្មបន្ថែមទៀតទាំងកម្រិតនាយកដ្ឋាន និងការិយាល័យ និងមន្រ្តីរាជការ បុគ្គលិក តាមរយៈឥរិយាបថបុរេសកម្មដោយត្រូវឆ្លុះបញ្ចាំងគ្រប់រូបភាពការងារជាមួយលទ្ធផលដែលវាស់វែងបាន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗ ជូនថ្នាក់ដឹកនាំក្នុងការយកទៅពង្រឹងការងារនៅតាមអង្គភាពរបស់ខ្លួន សំដៅបង្កើនប្រសិទ្ធភាពការងារនិងលទ្ធផល ៖ - បង្កើនការផ្សព្វ ផ្សាយគ្រប់រូបភាពជាពិសេសសារលើកកម្ពស់សុខភាព ដោយភាពបុរេសកម្ម និងប្រកបដោយនវានុវត្តន៍។
បន្តពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាលដោយសហការ ជាមួយអជ្ញាធរមូលដ្ឋានក្នុងការពិនិត្យមើលការផ្តល់សេវារបស់មូលដ្ឋានសេវាសុខាភិបាលឯកជនដែលមិនមានច្បាប់ឬអនុវត្តលើសពីអ្វីដែលច្បាប់និយាមប្រតិបត្តិអនុញ្ញាត។
បន្តយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានសុខាភិបាលផ្សេងៗ ដែលត្រូវឈរលើភាពត្រឹមត្រូវ ច្បាស់លាស់បែបវិទ្យាសាស្ត្រ។
- បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់នៅគ្រប់ច្រកឃ្លាំមើល ខេត្ត-ក្រុង និងចរន្តនៃការវិវត្តន៍ជំងឺឆ្លងក្នុងតំបន់ និងពិភពលោកក្នុងស្មារតីបុរេសកម្មនិងត្រៀមធ្វើអន្តរាគមន៍បន្ទាន់។
