
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតរូបភាព និងថតសម្តែងជាវីដេអូកំសាន្ត តាមរយៈបណ្តាញសង្គមនានា ជាពិសេសការបង្ហោះវីដេអូផ្សេងៗដែលមានលក្ខណៈជាប្រតិបត្តិការ ឬការប្រើប្រាស់កម្លាំងរួមលើបណ្តាញសង្គម ដោយត្រូវមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន-អង្គភាព ឬស្នងការនគរបាលសាមីជាមុន ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន។
នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា៖ «ជាច្រើនឆ្នាំកន្លងទៅនេះ មន្ត្រីនគរបាលជាតិបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបាននូវសមិទ្ធផលជាបន្តបន្ទាប់»។
នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា៖ «ដោយពិនិត្យឃើញថាបច្ចុប្បន្នមានមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ក៏ដូចជាថតវីដេអូកំសាន្តជាលក្ខណៈផ្ទាល់ខ្លួនជាច្រើន និងបានផ្សព្វផ្សាយលើបណ្តាញសង្គម Facebook Tiktok Instagram និងបណ្តាញសង្គមផ្សេងៗទៀត ដែលវីដេអូ មួយចំនួនមានភាពមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ទទួលបានការរិះគន់ពីសាធារណជនផងដែរ»។
ដើម្បីបង្ហាញពីឆន្ទៈមោះមត់ និងភាពមិនទន់ជ្រាយរបស់មន្ត្រីនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការណែនាំដល់មន្ត្រីនគរបាលជាតិទូទាំងប្រទេសដូចខាងក្រោម៖ «ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ត្រូវស្របតាមអនុក្រឹត្យលេខ១៤ អនប្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០០ ស្តីពីការកែសម្រួលឯកសណ្ឋាន និងផ្លាកសញ្ញារបស់នគរបាលជាតិ។ ត្រូវបានរឹតបន្តឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតសម្តែងជាវីដេអូកំសាន្ត តាមរយៈបណ្តាញសង្គមនានា ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន»។
អគ្គស្នងការនគរបាល បានបញ្ជាទតៀតថា៖ «ការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គមដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ ត្រូវប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ក្នុងពេលបំពេញការងារ ក្នុងពេលបំពេញប្រតិបត្តិការ សន្និសីទសារព័ត៌មាន ជាពិសេសមន្ត្រីនគរបាលជាតិ ដែលប្រើប្រាស់ឯកសណ្ឋានស៊ីវិល មិនត្រូវចូលរួមថតរូបជាមួយកម្លាំងប្រតិបត្តិការ និងមិនត្រូវឈរថតពីក្រោយជនល្មើស ឬជនសង្ស័យឡើយ»។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា៖ «ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំចំពោះមន្ត្រីក្រោមឱវាទលើការបង្ហោះវីដេអូផ្សេងៗដែលមានលក្ខណៈជាប្រតិបត្តិការ ឬការប្រើប្រាស់កម្លាំងរួម លើបណ្តាញសង្គម ដោយត្រូវមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន-អង្គភាព ឬស្នងការនគរបាលសាមីជាមុន។
ក្រោយទទួលបានសេចក្តីណែនាំនេះ អគ្គស្នងការនរគបាលជាតិ បានណែនាំដល់ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ចាត់តាំងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់៕