
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានចាប់ផ្តើមធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាពាក់ព័ន្ធជាមួយបញ្ញាសិប្បនិម្មិត(AI) ដើម្បីបំពេញបន្ថែមនៅក្នុងវិស័យការងារក្នុងខេត្តសៀមរាបសៀមរាប។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីម៉ាស៊ីនស្វ័យសិក្សា (Exclusive Machine Learning) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា ការបណ្តុះបណ្តាលបច្ចេកវិទ្យានេះ ជាចំណុចធំមួយនៅក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រោះថា ក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតជំនាញបច្ចេកវិទ្យានេះ មានតួនាទីសំខាន់បំផុតនៅគ្រប់វិស័យ មិនថាវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម ម្ហូបអាហារ នោះទេ សុទ្ធតែត្រូវការនូវបច្ចេកវិទ្យា។
លោក អភិបាលរងខេត្តសៀមរាប បន្តថា ជាមួយគ្នានេះ ការសិក្សាលើផ្នែកបច្ចេកវិទ្យា ក៏ជាចំណែកមួយនៅក្នុងការជួយដល់វិស័យការងាររបស់ខេត្តសៀមរាប ដែលកាលពីមុនពឹងផ្អែកតែលើវិស័យទេសចរណ៍មួយមុខ។
លោកលើកឡើងថា កាលពីមុនវិស័យការងារនៅក្នុងខេត្តសៀមរាប ពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍ ប៉ុន្តែនៅពេលដែលវិស័យមួយនេះរងគ្រោះដោយសារជំងឺកូវីដ១៩ អ្នកប្រកបរបរការងារមួយចំនួនធំបានចាកចេញពីខេត្តសៀមរាប ដើម្បីស្វែងរកការងារធ្វើតាមបណ្តាខេត្តផ្សេងៗ និងខ្លះទៀតបានឈប់ពីការងារនេះតែម្តង។ ដូច្នេះការបណ្តុះបណ្តាលនេះ ក៏ជាការបង្ការមួយដល់វិស័យការងារ ប្រសិនបើវិស័យទេសចរណ៍មានបញ្ហាណាមួយយុវជនដែលទទួលបានការបណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសជំនាញបច្ចេកវិទ្យា និងអេអាយនេះ អាចស្វែងរកការងារបានធ្វើនៅក្នុងខេត្តនេះផ្ទាល់។
សូមជម្រាបថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) និងបើកឱកាសដល់យុវជនគ្រប់រូបដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងផ្ទាល់ជាមួយវិទ្យាស្ថាន៕
_1733824993.jpg)