2024-12-10 17:07
181

ភ្នំពេញ៖ តាមរយៈការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមាន សត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។

ការសិក្សាស្រាវជ្រាវនេះ ដែលធ្វើឡើងក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងក្រសួងបរិស្ថាន និងផ្តល់មូលនិធិដោយ Maddox Foundation បានរកឃើញនូវវត្តមានប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជជាច្រើន រួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថានបាន ដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើយុទ្ធសាស្រ្តចំនួនបី ភាពស្អាត ភាពបៃតង និងចីរភាព។ ការសិក្សាអំពីជីវៈចម្រុះត្រូវបានធ្វើឡើងដោយស្របតាមយុទ្ធសាស្រ្តចក្រានេះ»។ លោករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះ លទ្ធផលនៃរបាយការណ៍នេះ ដោយបានបញ្ជាក់ថា៖ «ឥឡូវនេះ យើងមានការយល់ដឹងកាន់តែច្រើនអំពីតម្លៃនៃជីវៈ ចម្រុះនៅតំបន់សំឡូត ដែលបង្ហាញពីតម្លៃនៃបេតិកភណ្ឌធម្មជាតិតែមួយគត់នៃតំបន់នេះ និងបញ្ជាក់ពីការទទួលខុសត្រូវរួមគ្នារបស់យើងក្នុងការការពារ និងអភិរក្សធនធានជីវៈចម្រុះទាំងអស់នោះ។ យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងកត្តាផ្សេងៗទៀតដែលបំផ្លាញធម្មជាតិ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន»។

ជាមួយនឹងកិច្ចសហការដ៏ល្អពីដៃគូអភិរក្សនេះ លោកបណ្ឌិត អ៊ាន សុផ្លែត បានបន្ថែមថា៖ «យើងនឹងពង្រឹង ការគ្រប់គ្រងការការពារ និងអភិរក្សធនធានជីវៈចម្រុះរបស់ប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈការ ធ្វើការរួមគ្នា យើងអាចរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាបានទាំងធនធានធម្ម ជាតិ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង»។

លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការរក ឃើញនេះ បានគូសបញ្ជាក់អំពីភាពសំបូរបែប នៃធនធានជីវៈចម្រុះនៅក្នុងតំបន់សំឡូត ដែលជាធាតុដ៏សំខាន់នៃ ប្រព័ន្ធតំបន់ការពាររបស់ប្រទេសកម្ពុជា។ ទីតាំងរបស់តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលនៅជិតនឹងតំបន់ការពារ ធម្មជាតិផ្សេងទៀត ស្ថិតនៅតាមបណ្តោយជាប់ព្រំដែនថៃ បានបង្កើននូវសារៈសំខាន់នៃការតភ្ជាប់ផ្នែកប្រព័ន្ធអេកូឡូស៊ីឆ្លងដែន ដែលចាំបាច់ត្រូវមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រកបដោយនិរន្តរភាពនៅក្នុងតំបន់នេះ»។

លោកស្រី Angelina Jolie បានលើកឡើងថា៖ «ជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា គឺជាសក្ខីភាពមួយ បង្ហាញអំពីភាពធន់របស់ធម្មជាតិ និងសារៈសំខាន់នៃការការពារប្រព័ន្ធអេកូឡូស៊ីរបស់យើង។ ការរកឃើញប្រភេទ រុក្ខជាតិថ្មីៗនៅក្នុងរបាយការណ៍នេះ សបញ្ជាក់អំពីតួនាទីដ៏សំខាន់ដែលប្រទេសកម្ពុជាដើរតួក្នុងកិច្ចខិតខំប្រឹងប្រែង ជាសកលដើម្បីការពារសត្វព្រៃ និងរុក្ខជាតិ និងសារៈសំខាន់នៃការងាររបស់មូលនិធិ Maddox ក្នុងការការពារ ជីវៈចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ»។

ជាមួយនឹងរបាយការណ៍សិក្សានេះ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា មូលនិធិ Maddox Foundation និង ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តបាត់ដំបង និងប៉ៃលិន ក៏បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយដល់ សាធារណៈជនអំពីការរកឃើញសំខាន់ៗពីការសិក្សាស្រាវជ្រាវនេះ។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញអំពី គុណតម្លៃនៃជីវៈចម្រុះសំខាន់ៗនៅក្នុងតំបន់ ចែករំលែករបាយការណ៍សិក្សាស្រាវជីវៈចម្រុះនេះ និងជម្រុញឱ្យមាន ការអភិរក្សសត្វព្រៃ និងជីវៈចម្រុះនៅក្នុងតំបន់។

ការសិក្សាស្រាវជ្រាវជីវៈចម្រុះនេះ ត្រូវបានធ្វើឡើងចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ ក្នុង គោលបំណងដើម្បីប្រមូលទិន្នន័យព័ត៌មាន ស្តីពី ជីវៈចម្រុះក្នុងតំបន់ដែលការសិក្សានេះ ផ្តោតលើក្រុមចំនួនប្រាំ គឺ «ប្រចៀវ អ័រគីដេ ឧរង្គសត្វ សត្វស្លាប និងការប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ»។

ការសិក្សាស្រាវជ្រាវសត្វប្រចៀវបានកត់ត្រានូវប្រភេទប្រចៀវជាច្រើន ដែលជាទិន្នន័យដ៏មានតម្លៃទាក់ទង នឹងវត្តមានប្រចៀវ នៅក្នុងតំបន់នេះ និងសារៈសំខាន់នៃតំបន់នេះសម្រាប់ការអភិរក្សសត្វប្រចៀវ។ ការសិក្សាប្រភេទឧរង្គសត្វ បានកត់ត្រា ៥១ ប្រភេទ រួមមាន ថលជលិកសត្វ ២១ ប្រភេទ ប្រភេទ (agamids) ៦ប្រភេទ តុកកែ ៤ប្រភេទ ប្រភេទ (skinks) ៥ ប្រភេទ ពស់ ១៤ ប្រភេទ និងអណ្ដើក ១ប្រភេទ ហើយក្នុងការសិក្សា ស្រាវជ្រាវសត្វស្លាប យើងបានកត់ត្រាប្រភេទសត្វស្លាប សរុបចំនួន ១៤២ ប្រភេទ មកពី ៤៨ គ្រួសារ។

ការសិក្សាអ័រគីដេយើងបានកត់ត្រាជាង ៥០ ប្រភេទ ពី២៩ពួក។ ការសិក្សានេះ ក៏បានកត់ត្រាផងដែរនូវប្រភេទ រុក្ខជាតិ ចំនួនប្រាំពីរប្រភេទបន្ថែមទៀត នៃគ្រួសារចំនួនប្រាំរួមទាំងកំណត់ត្រាប្រភេទថ្មីចំនួនពីរសម្រាប់ប្រទេសកម្ពុជា ផងដែរ រួមមាន ប្រភេទកម្រ (Pycnospatha arietina) និង (aroid Amorphophallus tenuistylis)។ ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្ត បានកត់ត្រាសត្វព្រៃ ចំនួន ៤៤ ប្រភេទ ក្នុងនោះមាន ថនិកសត្វ ២៨ ប្រភេទ និង សត្វស្លាប ១៥ ប្រភេទ។ ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន ១២ ប្រភេទ ជាប្រភេទរងការ គំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ១ប្រភេទ ជាប្រភេទជិតផុតពូជបំផុត ៣ ប្រភេទជាប្រភេទជិតផុតពូជ និង ៨ ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់។

សូមជម្រាបថា តំបន់សំឡូត ជាជម្រកនៃពពួករុក្ខជាតិ និងសត្វព្រៃកម្រជាច្រើនប្រភេទ រួមទាំងប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជមួយចំនួនផងដែរ។ ព័ត៌មានដែលទទួលបានតាមរយៈការសិក្សានេះ ពិតជាមានសារ:សំខាន់យ៉ាងខ្លាំង ក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តការគ្រប់គ្រង ដើម្បីប្រើប្រាស់ធនធានទាំងនេះប្រកបដោយនិរន្តរភាព ដោយធានាបាននូវអភិរក្សរយៈពេលយូរអង្វែងនៃធនធានទាំងអស់នោះ៕