2024-12-10 17:23
130

ព្រះសីហនុ៖ ឃ្លាំងស្តុបសម្ភារៈជជុះ អេតចាយ និងសំណល់ផ្សេងៗ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រូវបានសមត្ថកិច្ចជំនាញផ្នែកអគ្គិភ័យចុះជួយអន្តរាគមន៍ភ្លាមៗ ដោយបាញ់ទឹកពន្លត់បានទាំងស្រុង និងមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍ករណីអគ្គិភ័យខាងលើ បានកើតឡើងវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤  ស្ថិតក្នុងតំបន់សេដ្ឋកិច្ចបិត្រាង នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ម្ចាស់ទីតាំងមានឈ្មោះ YUAN YANWEI ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតចិន។

សមត្ថកិច្ចបានឱ្យដឹងថា សំណងដែលរងគ្រោះអគ្គិភ័យ ជាប្រភេទដីឡូត៍ មានទំហំ ១០ម៉ែត្រគុណ៣០ម៉ែត្រ រងការឆេះខូចខាតប្រមាណ ៦០ភាគរយ។ សមត្ថកិច្ចបានឱ្យដឹងថា ចំពោះមូលហេតុបង្កកើតមានអគ្គិភ័យ មន្ត្រីជំនាញកំពុងស្រាវជ្រាវ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១១ ឡាន រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ ឡាន និងរថយន្តពន្លត់អគ្គិភ័យអង្គភាព ៩១១ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ឡាន។

ករណីគ្រោះអគ្គីភ័យខាងលើ ត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ នៅថ្ងៃដដែល និងគ្មានមនុស្សរងគ្រោះថ្នាក់ឡើយ៕