2024-12-10 17:26
138

រាជធានីភ្នំពេញ ៖ ជនសង្ស័យ១៣នាក់ដែលបានធ្វើសកម្មភាពលួច និងជាក្រុមក្មេងទំនើងចំនួន៤ក្រុមដែលបង្កហិង្សាដោយចេតនាបណ្ដាលអោយស្លាប់ម្នាក់និងរងរបួសជាច្រើននាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់និងបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌនិងមានការដឹកនាំ បញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យកម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១៣នាក់។

លោកវរសេនីយ៍ឯក ម៉ម សាវន បានអោយដឹងទៀតថា នៅថ្ងៃទី០៦ ថ្ងៃទី០៧ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី ភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ និងក្រុមក្មេងទំនើងឈ្មោះ ក្រុម ដើមពោធិ៍(DP),ក្រុមបឹងសាឡាងស្រួល (BSL),ក្រុមទឹកថ្លា (TTK) ក្រុមកាហ្វេកែងចិន (CKJ) សរុបចំនួន ១៣ នាក់ ដែលបានប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយកាប់គ្នា) ចំនួន ០៥ ករណី៖

ករណីទី១-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ (ព្រួតគ្នាយក ដាវចំនួន០២ដើមដេញកាប់ជនរងគ្រោះ ឲ្យរងរបួស រួចជនរងគ្រោះជិះម៉ូតូគេចខ្លួនបណ្តាលឲ្យទៅបុកជញ្ជាំងផ្ទះប្រជា ពលរដ្ឋស្លាប់) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្តាលអោយជនរងគ្រោះស្លាប់ម្នាក់ ឈ្មោះណារិទ្ធ តូណា ភេទ ប្រុសអាយុ១៦ ឆ្នាំ មានទីលំនៅភូមិយោត ឃុំមេសរប្រចាន់ ស្រុក ពារាំង ខេត្តព្រៃវែង ។

ករណីទី២-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ត្រួតគ្នាយកដាវចំនួន០២ដើមដេញកាប់ជនរងគ្រោះ ឲ្យរងរបួស) ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ករណីទី៣-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (ព្រួតគ្នាយកកាំបិតខ្វែង និងកាំបិតប៉័ងតោ កាប់ជនរងគ្រោះតែមិនត្រូវ និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន ០២ គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧០ ផ្លូវលេខ៦៥៦ ក្រុម៣២ ភូមិ១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ។

ករណីទី៤-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ត្រួតគ្នាយកដាវកាប់បណ្តាលឲ្យរងរបួស) ប្រព្រឹត្ត នៅចំណុចបរិវេណកោះពេជ្រ ទល់មុខមហោស្រពកោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំ ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២និងករណីទី៥-អំពើលួច (លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GK-៩៦៥៨) ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជនសង្ស័យដែលបង្ហាញមុខ១-ឈ្មោះសៅ សង្ខារមីន ហៅ ចាក់គូ ភេទប្រុស អាយុ២១ឆ្នាំ ,២-ឈ្មោះ សាន់ ហានស៊ុង ភេទប្រុសអាយុ១៧ឆ្នាំ,៣-ឈ្មោះ ម៉េង លីធឿន ភេទប្រុស អាយុ១៦ឆ្នាំ,៤-ឈ្មោះម៉េត ភក្ត្រា ភេទប្រុសអាយុ១៧ ឆ្នាំ,៥-ឈ្មោះ យូ គីមហ៊ាង ភេទប្រុសអាយុ១៧ ឆ្នាំ ៦-ឈ្មោះពិន សៀវលិក ភេទប្រុសអាយុ១៦ ឆ្នាំ ,៧-ឈ្មោះភា រ៉ាដូ ភេទប្រុសអាយុ១៦ ឆ្នាំ,៨-ឈ្មោះតាំង លីឆាយ ភេទប្រុសអាយុ១៦ ឆ្នាំ,៩-ឈ្មោះហៃ វឌ្ឍនា ហៅវឌ្ឍន៍ ភេទប្រុស អាយុ១៦ឆ្នាំ,១០-ឈ្មោះវី ចរិយា ហៅ ខ្មៅ ភេទប្រុស អាយុ១៦ឆ្នាំ,១១-ឈ្មោះអន សុវណ្ណា ហៅ វណ្ណា ភេទប្រុស អាយុ១៦ឆ្នាំ ,១២-ឈ្មោះ សែម ភត្រា ភេទ ប្រុស និង១៣-ឈ្មោះ ឃន ពេជ្រ ភេទ ប្រុសអាយុ១៩ ឆ្នាំ។

វត្ថុតាងចាប់យករួមមាន,ដាវកែច្នៃចំនួន ០១ ដើមនិងម៉ូតូចំនួន៤គ្រឿង។បន្ទាប់ពីបង្ហាញមកជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ៕