2024-12-10 21:01
155

ភ្នំពេញ៖ ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ២និង០០នាទីរសៀល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួម សរុបចំនួន ៤,០៥៥ នាក់ ដោយ​បានថ្លែងបញ្ជាក់ថា «កំណែទម្រង់ដែលមានលក្ខណៈគិតគូរគ្រោងទុក និងកំណែទម្រង់ដែលត្រូវធ្វើបន្ទាន់ គឺសំដៅគុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ»

ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានសំណេះសំណាលជាមួយសិក្ខាកាម និងផ្តល់ការលើកចំណាប់អារម្មណ៍ពីការយល់ដឹងនៃការសិក្សាស្វែងយល់ពីភាពជាដឹកនាំ ដើម្បីបានទទួលព័ត៌មានត្រឡប់ពីវគ្គសិក្សានាពេលកន្លងមក ក៏ដូចជាការប្រមូលធាតុចូលសម្រាប់រៀបចំវគ្គនេះនាពេលអនាគត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបាឋកថាលើប្រធានបទ៖ ការប្រើប្រាស់កំណែរទម្រង់ក្នុងការងារដឹកនាំអង្គភាពឱ្យទទួលបានជោគជ័យ ដោយបានបង្ហាញពីប្រភេទ នៃការធ្វើកំណែរទម្រង់ ព្រមទាំងសារៈសំខាន់ និងភាពចំាបាច់របស់មូលដ្ឋានសុខាភិបាលទាំងអស់ ដែលត្រូវធ្វើកំណែទម្រង់ដែលមានលក្ខណៈគិតគូរគ្រោងទុក និងកំ​ណែទម្រង់ដែលត្រូវធ្វើបន្ទាន់ សំដៅបង្កើនប្រសិទ្ធភាពនៃសេវារបស់ខ្លួន ហើយដើម្បីធ្វើការកែទម្រង់ឱ្យទទួលបានជោគជ័យ អ្នកដឹកនាំត្រូវការចំនុចគន្លឹះ ចំនួន ៤។

ចំនុចគន្លឹះ ចំនួន ៤ ដើម្បីធ្វើការកែទម្រង់ក្នុងវិស័យសុខាភិបាល ឱ្យទទួលបានជោគជ័យនោះ រួមមាន៖ «មានការប្តេជ្ញាចិត្ត, មានសមត្ថភាពក្នុងការដឹកនាំការងារ, មានភាពឈ្លាសវៃ និងមានឆន្ទះ និងភាពម្ចាស់ការខ្ពស់»។ ទន្ទឹមនឹងនោះផងដែរ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ធ្វើការពិចារណាលើទស្សនៈ ដែលថា «កំណែទម្រង់ គឺជាដំណើរការ (a process) មិនមែនជាព្រឹត្តិការណ៍ទេ (not an event) ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនៅលើប្រធាបទនេះ»។ 

ដោយមានការអនុញ្ញាតពី លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៍មានបទបង្ហាញ ដើម្បីកាត់បន្ថយរយៈពេលរង់ចាំរបស់អ្នកជំងឺទទួលសេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងផងដែរ៕