
ភ្នំពេញ៖ មុខសញ្ញាជាចោរឆក់ទូរសព្ទ ចំនួន ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ បង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់បាន ចំនួន ០៣នាក់ យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋានស្រាវជ្រាវ ស៊ើបអង្កេតឈានដល់ការបង្ក្រាប និងបានការធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ជាមុខសញ្ញាឆោរឆក់យ៉ាងសកម្ម។
នគរបាលបានឱ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៩និង០៥នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវព្រះសុរាម្រិត ភូមិ០៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមមាន ទី១៖ ឈ្មោះ ស៊ីម ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ទីកន្លែងស្នាក់នៅផ្ទះលេខ ២៣ ផ្លូវD ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាម្ចាស់ម៉ូតូ) និង ទី២៖ ឈ្មោះ សៅ បូរិន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ២៦៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាជនដៃដល់)។
នគរបាលបានឱ្យដឹងទៀតថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២និង៣០នាទី បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសរងគ្រោះ ជាជនជាតិចិន កំពុងដើរបានសម្រេច នៅចំណុច ផ្លូវ២៤០ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ រួចកម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ទៀត នៅចំណុចដដែលខាងលើនៅវេលាម៉ោង ១០និង៤៦នាទី ឈ្មោះ ចំរើន ដែន អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ទីកន្លែងស្នាក់នៅបន្ទប់ជួលមិនមានលេខ ផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានធ្វើសកម្មភាព ជាមួយឈ្មោះ សៅ បូរិន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១១និង៣០នាទី បានឆក់ទូរសព្ទដៃពីនារីរងគ្រោះជាជនជាតិអាមេរិច កំពុងឈរបានសម្រេច នៅចំណុច ផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាអ្នកបើក។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕