2024-12-11 00:53
251

តាកែវ៖ កូនដំរីញីកម្សត់ ០១ក្បាល ទើមតែមានអាយុប្រហែល ៥ខែ មានទំងន់ ១៣៨គីឡូក្រាម មានស្នាមរបួសជើងខាងស្តាំ (កជើងមុខ) ដោយសារអន្ទាក់របស់ព្រានព្រៃ បានទទួលឈ្មោះថ្មី «លំផាត់» ហើយត្រូវបានក្រុមមន្ត្រីអភិរក្សដែនជំរកសត្វព្រៃលំផាត់ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) នាំយកមកដល់មជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំតាម៉ៅ ដែលមានក្រុមគ្រូពេទ្យជំនាញជួយព្យាបាលរបួស និងថែទាំតាមបច្ចេកទេសរស់នៅតាមធម្មជាតិរបស់សត្វដំរី។

កូនដំរីញីឈ្មោះ «លំផាត់» ត្រូវបានក្រុមមន្ត្រីអភិរក្សដែនជំរកសត្វព្រៃលំផាត់ បានជួបប្រទះឃើញនៅក្បែទីស្នាក់ការបរិស្ថាន ដោយមានឆ្កែមួយក្រុមកំពុងដេញពួកគាត់បានចាប់កូនដំរីនេះមកថែរក្សា និងទំនាក់ទំនងក្រុមគ្រូពេទ្យសត្វ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ទៅជូយព្យាបាលកូនដំរីនេះ ប៉ុន្តែដោយសាររបួសជើងធ្ងន់ និងមិនទាន់ស៊ីចំណីអាហារបាន ទើបត្រូវការការមើលថែ និងបំបៅ ទើបក្រុមការងារបានសម្រេចស្នើរគោលការណ៍ទៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដឹកជញ្ជូនកូនដំរីនេះមកថែក្សានៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅតែម្តង។

កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៤និង៣០នាទីព្រឹក កូនដំរីញីកម្សត់ឈ្មោះ «លំផាត» បានដឹកមកដល់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយទទួលបានការសង្គ្រោះព្យាបាល និងថែរក្សា យ៉ាងយកចិត្តទុកដាក់បំផុត។

ដោយមានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាតក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ។

លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «លំផាត់» ជាកូនដំរីញី មានអាយុប្រហែល ៥ខែ និងមានទំងន់ ១៣៨ គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមា​​ញ់។ ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាល។ 

ដោយសារកូនដំរីមានរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរត្រូវការពេលវេលាព្យាបាលយូរ និងមិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផង គ្រូពេទ្យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការជាមួយរដ្ឋបាលព្រៃឈើស្នើសុំគោលការណ៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដើម្បីនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»

សូមជម្រាបថា «លំផាត់» គឺជាកូនដំរីទី២ ដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទទួលមកព្យាបាល និងថែរក្សា។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ កូនដំរីញីមួយក្បាល ឈ្មោះ «ចាណាម» ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងអង្គការជាដៃគូ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 

អ្នកនាំពាក្យក្រសួងកសិកម្ម គូសបញ្ជាក់ថា៖ មកទល់ពេលនេះ កូនដំរី «ចាណាម» មានសុខភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីបានទទួលការថែទាំយ៉ាងល្អពីមន្ដ្រីជំនាញប្រចាំមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី បានប្រទះឃើញកូនសត្វដំរីព្រៃញី ០១ក្បាល​ អាយុប្រហែល០៥ខែ ទំងន់ប្រមាណ ២០០ គីឡូក្រាម បានរត់តាមបណ្តោយផ្លូវលំមករកជំនួយសង្គ្រោះបន្ទាន់ ខណៈពេលមានក្រុមសត្វឆ្កែមួយហ្វូងកំពុងព្យាយាមវាយប្រហារលើវា ហើយមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលតំបន់ដែនជម្រកសត្វព្រៃលំផាត់ ដែលមានទីតាំងស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជួយសង្គ្រោះទាន់ពេលវេលា៕