2024-12-11 18:20
127

រដ្ឋធានីសេអ៊ូល៖ ប៉ូលិសកូរ៉េខាងត្បូង បានអះអាង កាលពីព្រឹក ថ្ងៃពុធ ទី១១ ធ្នូ ឆ្នាំ២០២៤ ថាពួកគេបានឆ្មក់ចូលក្នុងការិយាល័យរបស់លោកប្រធានាធិបតី យូន ស៊ុកយូល (Yoon Sook Yeol) ខណៈការស៊ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់ កំពុងតែបន្ដ។

ប៉ូលិសកូរ៉េខាងត្បូង បានបញ្ជាក់ នៅក្នុងសារមួយ ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ថា ក្រុមស៊ើបអង្កេតពិសេស រួមមាន៖ ទីភ្នាក់ងារប៉ូលិសជាតិ ភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល និង សេវាសន្តិសុខរបស់រដ្ឋសភា បានឆ្មក់ចូលក្នុងការិយាល័យរបស់លោកប្រធានាធិបតី។

លោកប្រធានាធិបតី យូន ស៊ុកយូល  កំពុងតែស្ថិតក្រោមការហាមឃាត់ ធ្វើដំណើរទៅក្រៅប្រទេស។ បម្រាមនេះក៏ជាផ្នែកមួយ នៃការស៊ើបអង្កេត ជុំវិញការបះបោររបស់គាត់ ក្រោយការប្រកាសដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤។

ក្រោយការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី បាននាំឲ្យមានការឃាត់ខ្លួនលោក គីម យ៉ុងហ្យុន (Kim Yong-hyun) អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីល្ងាច ថ្ងៃអង្គារ ទី១០ ខែធ្នូ ក្រោមបទចោទប្រកាន់ពីបទចូលរួម នៅក្នុងតួនាទីដ៏សំខាន់ នៅក្នុងអំឡុងការបះបោរ និង ការរំលោភបំពានសិទ្ធិអំណាច ដើម្បីរារាំងដល់ការអនុវត្តសិទ្ធិ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap បានរាយការណ៍ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែធ្នូ ថា អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិ រូបនេះ បានប៉ុនប៉ងធ្វើអត្ដឃាតភ្លាម  នៅមុនពេលប៉ូលិសចាប់ខ្លួនគាត់។

អ្នកនាំពាក្យ តុលាការក្រុងសេអូល បានប្រាប់ដល់ AFP កាលពីព្រឹក ថ្ងៃដដែលនេះ ថា លោក គីម អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួន ស្របពេលមានការព្រួយបារម្ភ អំពីភស្ដុតាង ត្រូវបានគេបំផ្លាញចោល៕