
រដ្ឋធានីដាម៉ាស់៖ ស្របពេលមេដឹកនាំក្រុមឧទ្ទាម កំពុងតែរៀបចំស្ដារសណ្ដាប់ធ្នាប់ឡើងវិញ នៅក្នុងប្រទេសស៊ីរី ក្រោយការដួលរលំ នៃរបបគ្រប់គ្រងរបស់លោក បាសារ អាល់អាសសាដ នោះ កងទ័ពអ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាស ចំនួន៤៨០លើក ត្រឹមតែរយៈពេល៤៨ម៉ោង។
ទូរទស្សន៍របស់កាតារ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ ថា កងទ័ពអ៊ីស្រាអែល បានអះអាង ថា ខ្លួនបានវាយប្រហារទៅលើប្រទេសស៊ីរី ចំនួន៤៨០លើក ត្រឹមតែរយៈពេល៤៨ម៉ោងកន្លងមកនេះ ដោយរាប់បញ្ចូលទាំងការវាយប្រហារចេញពីនាវាចម្បាំងរបស់កងទ័ពជើងទឹក ចំនួន១៥លើកផងដែរ។ ការវាយប្រហារទាំងនេះ បានកំណត់គោលដៅ ទៅលើកន្លែងផលិតអាវុធ នៅក្នុងទីក្រុងផ្សេងៗទៀតរបស់ប្រទេសស៊ីរី។
ដោយឡែក លោក ម៉ូហាមម៉េត (Mohammed al-Bashir) ដែលត្រូវបានក្រុមឧទ្ទាមតែងតាំងជានាយករដ្ឋមន្រ្ដីស្ដីទី នៅក្នុងសម័យអន្ដរកាលរបស់ប្រទេសស៊ីរី បានបញ្ជាក់ ថា ប្រទេសស៊ីរី ត្រូវការស្ថិរភាព និង រក្សានូវភាពស្ងប់ស្ងាត់ ហើយថា គាត់កំពុងតែធ្វើការងារជាមួយនឹងក្រុមមន្រ្ដីជាច្រើន មកពីរបបគ្រប់គ្រងរបស់លោក អាសារ អាល់អាសសាដ ដើម្បីរៀបចំឡើងវិញនូវសេវាកម្មសាធារណៈ និង ស្ថាប័នផ្សេងៗទៀត។
ស្របគ្នានេះដែរ ក្រុមយុទ្ធជនរបស់ឧទ្ទាមស៊ីរី បានអះអាង ថា ពួកគេបានដណ្ដើមកាន់កាប់តំបន់ភាគឦសាន នៃទីក្រុងឌៀអាសហ្ស័រ (Deir Az Zor) ពីកងកម្លាំងរបស់លោក អាល់អាសសាដ និង កងជីវពលអ៊ីរ៉ង់។
លោក អះម៉េដ អាល់សារ៉ាអា (Ahmed al-Sharaa) មេដឹកនាំឧទ្ទាមហាយ៉ាតតារៀអាល់សាម (Hayat Tahrir al-Sham) ដែលគេស្គាល់ឈ្មោះគាត់ ថា អាល់ជូឡានី (al-Julani) បានប្ដេជ្ញាចិត្តកសាងប្រទេសស៊ីរីឡើងវិញ ព្រោះប្រជាជនស៊ីរី មានការធុញថប់យ៉ាងខ្លាំង ជាមួយនឹងសង្គ្រាម បានអូសបន្លាយ អស់រយៈពេល១៤ឆ្នាំកន្លងមកនេះ៕




