2024-12-11 18:56
141

កណ្តាល៖ ក្រុមជនជាតិឥណ្ឌា០១ក្រុម ចំនួន ០៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួននាំមកសាកសួរពាក់ព័ន្ធករណី ផ្ដល់ប្រាក់កម្ចីឱ្យប្រជាពលរដ្ឋ ចំនួន ៣៥នាក់ ក្នុងម្នាក់ៗឲ្យខ្ចីចាប់ពី ២០ ម៉ឺន រហូតដល់ ១លានរៀល និងត្រូវបង់ត្រឡប់មកវិញជាប្រប្រចាំថ្ងៃមួយថ្ងៃ (២ម៉ឺនរៀលរាល់ថ្ងៃ) ទៅតាមទំហំទឹកប្រាក់ និងចំនួនថ្ងៃ។

ករណីឃាត់ខ្លួនជនជាតិឥណ្ឌាធ្វើសកម្មភាពផ្តល់កម្ចីដោយខុសច្បាប់នេះ បានធ្វើឡើងនាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នំា២០២៤ នេះ ត្រង់ចំណុច បុរី គ្រីស្តាល់ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនជាតិទឥណ្ឌា ចំនួន ០៤ នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងសង្កាត់តាខ្មៅ រួមមាន ទី១៖ ឈ្មោះ MANOJ ភេទប្រុស អាយុ ៤៨ឆ្នំា កាន់ PASSPORTលេខ V1454167។ ២៖ ឈ្មោះ YADAV DEEPAK ភេទប្រុស អាយុ ២៨ឆ្នំា កាន់ PASSPORT លេខ W4154379។ ៣៖ ឈ្មោះ CHAKRABORTY SUMANTA ភេទប្រុស (ព្រះសង្ឃឥណ្ឌា) អាយុ ៣៦ឆ្នំា កាន់ PASSPORT លេខ Z7488128 និងទី៤៖ ឈ្មោះ YADAV SUNIL ភេទប្រុស អាយុ ៣០ឆ្នំា កាន់ PASSPORT លេខ Z7665758 ជាមេក្លោងមកពីភ្នំពេញ។

ដោយឡែកក្នុងសង្កាត់ព្រែកហូរ សមត្ថកិច្ចចាប់ខ្លួនជនជាតិឥណ្ឌា ចំនួន ០៣ នាក់ទៀត រួមមាន ទី១៖ ឈ្មោះ LAKHANDAR ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ សៀវភៅការងារជនបរទេស (គ្មាន) មុខរបរ លក់ឆ្នាំងបាយអគ្គីសនី មុង ភួយ។ ទី២៖ ឈ្មោះ NISHAD GOLU ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅបន្ទប់ជួល ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មានសៀវភៅការងារជនបរទេស មុខរបរ លក់ឆ្នាំងបាយអគ្គីសនី មុង ភួយ និង ទី៣៖ ឈ្មោះ សាហានី ប្រីជេស Sahani Brijesh  ភេទប្រុស អាយុ ៣០ឆ្នាំ នៅផ្ទះជួល ភូមិព្រែកកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនជាតិឥណ្ឌាទាំងនេះ បានចូលមកស្នាក់កម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤  បានប្រកបមុខរបរលក់ដូរប្រចាំថ្ងៃ និងលួចផ្ដល់ប្រាក់កម្ចី ដោយខុសច្បាប់ ឱ្យប្រជាពលរដ្ឋកម្ពុជា សរុបចំនួន ៣៥ នាក់ ក្នុងម្នាក់ៗឲ្យខ្ចីចាប់ពី ២០ម៉ឺនរៀល រហូតទៅ ១លានរៀល និងត្រូវបង់ប្រចាំថ្ងៃមួយថ្ងៃ ២ម៉ឺនរៀល ទៅតាមទំហំទឹកប្រាក់ និងចំនួនថ្ងៃបានកំណត់។

បច្ចុប្បន្ន ជនជាតិឥណ្ឌាទាំង៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ នាំយកទៅធ្វើការសាកសួរ តាមនិតិធិវីច្បាប់៕