2024-12-12 10:08
136

ស៊ីរី៖ ក្រុមឧទ្ទាមស៊ីរី បានបំផ្លាញផ្នូររបស់អតីតប្រធានាធិបតី Hafez al-Assad ដែលជាឪពុករបស់ប្រធានាធិបតី ដែលត្រូវបានបណ្ដេញចេញពីតំណែងនៃត្រកូល Bashar នៅក្នុងស្រុកកំណើតរបស់គ្រួសារមួយនេះ។

បើយោងទៅតាមវីដេអូ ដែលត្រូវបានផ្ទៀងផ្ទាត់ដោយ BBC បានបង្ហាញពីបុរសៗប្រដាប់អាវុធស្រែក នៅពេលដែលពួកគេបានដើរជុំវិញវិហារដែលកំពុងតែឆេះនៅ Qardaha ស្ថិតនៅភាគពាយ័ព្យនៃតំបន់ឆ្នេរ Latakia ។

ក្រុមឧទ្ទាម ដែលដឹកនាំដោយក្រុម អ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) បានវាយលុកពាសពេញប្រទេសស៊ីរី ក្នុងការវាយលុកមួយដែលបានផ្ដួលរលំការគ្រប់គ្រងរបស់រាជវង្ស Assad អស់រយៈពេល ៥៤ ឆ្នាំ។ 

ចំណែកឯរូបសំណាក និងផ្ទាំងរូបភាពរបស់អតីតប្រធានាធិបតី Hafez និងកូនប្រុសរបស់គាត់គឺលោក Bashar ត្រូវបានដកចេញនៅទូទាំងប្រទេស ដើម្បីជាការអបអរសាទរពីប្រជាជនស៊ីរី ដែលបានប្រារព្ធពិធីបញ្ចប់ការគ្រប់គ្រងរបស់រាជវង្ស Bashar ។ 

ហើយពេលនេះផងដែរ លោក Bashar al-Assad បានភៀសខ្លួនទៅប្រទេសរុស្ស៊ី ដែលជាកន្លែងដែលលោក និងគ្រួសារត្រូវបានផ្ដល់សិទ្ធជ្រកកោន។ 

គួរបញ្ជាក់ថា  នៅក្នុងរបបលោក Hafez al-Assad បានគ្រប់គ្រងប្រទេសស៊ីរីយ៉ាងឃោរឃៅចាប់តាំងពីឆ្នាំ ១៩៧១ រហូតដល់ការស្លាប់របស់លោកនៅក្នុងឆ្នាំ ២០០០ ហើយអំណាចក៏ត្រូវបានផ្ទេរទៅឲ្យលោក Bashar al-Assad វិញ។ 

ឯបន្ទាប់ពីទទួលបានអំណាចពីឪពុក ក្នុងឆ្នាំ ២០១១ លោក Bashar al-Assad បានវាយលុកយ៉ាងព្រៃផ្សៃនូវការបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី ដែលគ្រានោះដែរបានបង្កឲ្យមានសង្គ្រាមស៊ីវិលយ៉ាងសាហាវពន់ពេក ដោយបានបណ្ដាលឲ្យមនុស្សជាងកន្លះលាននាក់ត្រូវបានសម្លាប់ និង ១២លាននាក់ផ្សេងទៀតត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះ ក៏ដូចជាស្រុកកំណើតរបស់ពួកគេ។