
ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ០៣នាក់ ដែលតែងតែបង្កការអុកឡុកតាមមូលដ្ឋាន ដេញកាប់ចាក់គ្នាពេលយប់ៗ ជាអតីតក្មេងទំនើងមានឈ្មោះ «ក្រុម៩៨» និងបានផ្លាស់ប្តូរឈ្មោះថ្មីទៅជា «ក្រុមមុខព្រលាន» ដើម្បីគេចពីសមត្ថកិច្ច ប៉ុន្តែនៅឡើយគេចមិនរួចពីចំណាត់ការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួនយកមកសាកសួរ កោត្រងោល និងលត់ដំដើម្បីឱ្យកែប្រែខ្លួនក្លាយជាពលរដ្ឋល្អវិញ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថារយៈពេលប៉ុន្មានថ្ងៃ ក្នុងដើមខែធ្នូ ឆ្នាំ២០២៤ នេះ ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម និងបានចាត់វិធានការអប់រំ លើក្មេងទំនើងសរុបចំនួន ៨៧ នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។
ប្រភពបានឱ្យដឹងទៀតថា ក្នុងចំណោមក្រុមក្មេងទំនើងទាំងអស់ មានក្មេងទំនើងចំនួន ០៣ នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង «team98» តែដោយសមត្ថកិច្ចតាមចាប់ team98 នេះពេក ក៏បានបំបែកក្រុមនិងប្តូរឈ្មោះមកជា «teamមុខព្រលាន» វិញ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ធ្វើការឃាត់ខ្លួននិងយកមកអប់រំតាមវិធានការរដ្ឋបាល។
ប្រភពបានបញ្ជាក់ថា ក្រុមនេះមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងជម្លោះដេញវាយគ្នា ជាមួយក្រុមទំនើងផ្សេងៗទៀតជាច្រើនលើក ជាពិសេសសមាជិកមួយចំនួនធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ៕

