
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន «បានទទូច និងព្រមានដល់អ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ សូមកុំយកការងារបរិស្ថានមកលាយឡំនឹងការងារនយោបាយ ព្រោះយើងទាំងអស់គ្នារស់នៅត្រូវពឹងអាស្រ័យលើបរិស្ថានស្អាត ជាងនេះទៀតថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានគ្រប់លំដាប់ថ្នាក់ បានកំពុងគៀរស្មាគ្នាយ៉ាងសកម្មការពារ និងអភិរក្សធនធានធម្មជាតិឆ្លើយតបសកម្មភាពប្រែប្រួលអាកាសធាតុទាំងក្នុងក្របខណ្ឌជាតិ និងឆាកអន្តរជាតិ»។
នេះជាការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសពិធីបិទគម្រោងសម្ពន្ធ័ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ នាទីស្តីការក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់បន្តថា «កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិដូចជាការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ពិធីសារក្យូតូ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើភាពស្អាត បៃតង និងចីរភាព ជាមាគ៌ាដឹកនាំកម្ពុជាឆ្ពោះទៅរកចីរភាពបរិស្ថាន និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះសំដៅលើកកម្ពស់បរិស្ថានកម្ពុជាក្នុងកម្រិតសកល និងធានានូវកេរ្តិ៍ដំណែលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់»។
នាឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់ CCCA ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតយន្តការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងឆ្ពោះទៅរកការអនុវត្តប្រកបដោយប្រសិទ្ធភាព និង អព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
