
ខេត្តត្បូងឃ្មុំ៖ នាពេលថ្មីៗនេះបន្ទាប់ពីមានការចុះផ្សាយពីសំណាក់អ្នកយកព័ត៌មានមួយចំនួនតូចដែលបានធ្វើការចុះផ្សាយចោទប្រកាន់មកលើលោក សឹង គីរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់សាលាខេត្តត្បូងឃ្មុំថា រូបលោកត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំសង្កាត់ នៅក្នុងខេត្តត្បូងឃ្មុំនិងក្រៅខេត្តត្បូងឃ្មុំកំពុងតែរៀបចំ និងគ្រោងប្ដឹងលោកទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា (ACU ) និងប្ដឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទៀត។
ទាក់ទងទៅនឹងការចុះផ្សាយលើកឡើងដោយខ្វះការពិតបែបនេះ លោក សឹង គិរីវណ្ឌី ក្នុងនាមជានាយកទីចាត់ការផែនការវិនិយោគរបស់សាលាខេត្តត្បូងឃ្មុំ បានធ្វើការច្រានចោលទាំងស្រុងចំពោះការចុះផ្សាយដោយគ្មានក្រមសីលធម៌និងវិជ្ជាជីវៈបែបនោះទេ។
លោក សឹង គិរីវណ្ឌី ក៏បានបន្ថែមឲ្យដឹងទៀតថាលោកពុំបានប្រព្រឹត្តនូវអំពើពុករលួយនោះ ហើយក៏មិនបានបើកដៃ និងមានបក្សពួកដែលជាក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំសង្កាត់របស់ខ្លួននោះឡើយ។
ហើយម្យ៉ាងវិញទៀតលោកក៏ពុំដែលយកអំណាចទៅប្រើប្រាស់ដើម្បីបែងចែកភាគរយពីក្រុមហ៊ុនដែលបានម៉ៅការវិនិយោគមូលនិធិ ឃុំ សង្កាត់ ជាភាគរយនោះដែរ។
ក្រសួងមហាផ្ទៃក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ធ្លាប់បានចុះមកធ្វើអធិការកិច្ចទៅលើបញ្ហានេះដែរ ក៏ប៉ុន្តែការពិនិត្យទៅលើសំណុំរឿងនឹងឯកសារចំពោះបញ្ហានេះគឺពុំជាក់លាក់ដូចជាការចុះផ្សាយរបស់អ្នកយកព័ត៌មានមួយចំនួននោះដែរ។
លោក សឹង គីរីវណ្ឌី បានសំណូមពរជាចុងក្រោយចំពោះការសរសេរចុះផ្សាយព័ត៌មានពីសំណាក់អ្នកព័ត៌មានមួយចំនួនតូចនោះថា សូមប្រកាន់ខ្ជាប់ឲ្យបានល្អប្រសើរចំពោះអាជីពនិងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវផង។
ការសរសេរព័ត៌មានដែលមិនមានភាពជាក់លាក់ពិតប្រាកដច្បាស់លាស់នោះ អាចធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការភាន់ច្រឡំនឹងវាយតម្លៃមកលើមនុស្សដែលពុំបានប្រព្រឹត្តខុសនោះឡើយ។
