
(កំពត)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ ថ្នាក់ដឹកនាំ អង្គការ និងអ្នកជំនាញពាក់ព័ន្ធ សូមចូលរួមយុទ្ធនាការ “ទេសចរម្នាក់ដាំដើមឈើមួយដើម និងយុទ្ធនាការ ដើម្បីទេសចរណ៍ទាំងអស់គ្នា និងទាក់ទាញទេសចរណ៍ និងដើម្បីមនុស្សម្នាក់ៗជាភ្ញាក់ងារផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងក្នុងពិធីដាំដើមឈើអនុវស្សាវរីយ៍ នៅតាមអមតាមដងផ្លូវ ខាងក្រោយកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៍បានប្រសាសន៍ឱ្យដឹងទៀតថា កម្មវិធីដាំដើមឈើនៅព្រឹកនេះ ពិតជាបានរួមចំណែកទៅដល់ការអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើ ឲ្យប្រែក្លាយជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត ប្រកបដោយមានភាពទាក់ទាញ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ដែរថា ការដាំដើមឈើនាពេលនេះ គីដើម្បីចូលរួមអបអរសាទរក្នុងពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត និងដើម្បីកែលម្អតាមផ្លូវដ៏សំខាន់មួយខ្សែ តភ្ជាប់ផ្លូវពីសាលាខេត្តកំពត រហូតទៅដល់ឆ្នេរសមុទ្រថ្មី ដែលរដ្ឋបាលខេត្តកំពតបាននឹងកំពុងរៀបចំស្ថាបនាសាងសង់។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១២ ខែធ្នូនេះ ការប្រណាំងទូក(ង)ប្រពៃណីខ្នាតអន្តរជាតិវគ្គផ្តាច់ព្រាត់ នឹងធ្វើឡើងនៅបរិវេណទីលានកីឡាដ្ឋានលើទឹក ដែលការប្រណាំងទូក (ង)ក្នុងរយៈចម្ងាយ១គីឡូម៉ែត្រ ដោយចេញដំណើរចាប់ពីចំណុចគល់ស្ពាន់(ឥន្ទធនូ)ចាស់ មកដល់វេទិការកិត្តិសយនៅទីលានកីឡាដ្ឋានលើទឹក ខណៈដែលកម្មវិធីបើកជាផ្លូវការនៃពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ នៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត ៕




