2024-12-12 21:00
181

បាល់ទាត់៖ ក្រោយក្រុមជម្រើសជាតិគោព្រៃកម្ពុជា បរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិ តោ កន្ទុយត្រីសិង្ហបុរីម្ចាស់ផ្ទះ កាលពីថ្ងៃពុធទី១១ ខែធ្នូ ល្ងាចម្សិលមិញនេះ ក្នុងពូលA នៃពានរង្វាន់ ASEAN Mitsubishi Electric Cup 2024  អ្នកចាំទី វីរៈ ដារ៉ា រងការរិះគន់ពី អ្នកគាំទ្របាល់ទាត់នៅកម្ពុជាដូចទឹកបាក់ទំនប់ ថាអាចជាការលក់គ្រាប់បាល់ ខណៈកីឡាករ សំខាន់ៗក៏រងរបួសជាបន្តបន្ទាប់ផងដែរ ដូចនេះ តើការប្រកួតបន្ទាប់ទៀតនឹងទៅជាយ៉ាងណា? ខណៈដំណើរផ្សងព្រេងបន្ទាប់របស់ក្រុមគោព្រៃ ត្រូវប៉ះជាមួយទីម័រខាងកើត...។

គួររំលេចបន្តិចដែរថាអ្នកគាំទ្រនៅតែដិតដាមជាប់នូវរូបភាពនៃការប្រកួតដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលការប្រកួតបានកន្លងផុតទៅកាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ នូវ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍លើសមរភូមិវាលស្មៅបៃតងខៀវខ្ចី នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ថ្វីដ្បិតក្នុងជំនួបនោះ កម្ពុជាបានត្រឹមលទ្ធផលស្មើ ២ទល់នឹង២ ជាមួយក្រុមជម្រើសជាតិខ្លាដំបង ម៉ាឡេស៊ី ក៏ពិតមែន តែទម្រង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ឃើញថា ក្រុមគោព្រៃកម្ពុជា ធ្វើបានល្អនិងបង្កការភ័យខ្លាចឱ្យក្រុមខ្លាដំបងដែលធ្លាប់តែត្របាក់ក្រុមគោព្រៃជាច្រើនចង្កូមស្ទើរតែ   គ្រប់ការប្រកួតកន្លងមក។

ទោះជាយ៉ាងណា ក្រោយជំនួបដ៏តានតឹងជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ពេលនេះក្រុមគោព្រៃ ជម្រើស ជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិតោកន្ទុយត្រីសិង្ហបុរី នៅលើ សមរភូមិ វាលស្មៅនៃពហុកីឡដ្ឋានជាតិសិង្ហបុរី ក្នុងលទ្ធផល៣-១ ធ្វើឲ្យអ្នកគាំទ្របាល់ទាត់នៅកម្ពុជា មាន ការមិនពេញចិត្តចំពោះកំហុសឆ្គងរបស់អ្នកចាំទី វីរៈ ដារ៉ា ក្រោយលេចចេញនូវកំហុស របូតគ្រាប់ បាល់ជាបន្តបន្ទាប់ ខណៈមើលឃើញថា សមត្ថភាពរបស់ក្រុមជម្រើសជាតិតោកន្ទុយត្រីសិង្ហបុរី ហាក់មិនលើសឆ្ងាយពីក្រុមគោព្រៃកម្ពុជាប៉ុន្មានឡើយ។

គួរជម្រាបជូនដែរថា កាលពីយប់មិញ គ្រាប់បាល់២គ្រាប់ របស់សិង្ហបុរី កើតឡើងដោយសារតែ កំហុស អ្នកចាំទីកម្ពុជា វីរៈ ដារ៉ា នៅដើមវគ្គទី១ ខណៈការប្រកួតត្រូវបានគ្រប់គ្រងបាល់ដោយកម្ពុជា។ ជាពិសេសនៅវគ្គទី២ ដែលសិង្ហបុរីការពារស្ទើរពាក់កណ្តាលតារាង។ មែនទែនទៅ ការរបូត គ្រាប់ បាល់ពីអ្នកចាំទីដៃឯករបស់កម្ពុជា ត្រូវបានអ្នកគាំទ្របាល់ទាត់ចាត់ទុកថា ជាការលក់គ្រាប់បាល់ទៅ ឲ្យក្រុមម្ចាស់ផ្ទះសិង្ហបុរី ។  ទោះជាយ៉ាងណា ក្រោយក្រុមគោព្រៃកម្ពុជា បរាជ័យក្រោមថ្វៃជើងក្រុម សិង្ហបុរី កីឡាករ Nick Taylorដែលជាខ្សែការពារដ៏រឹងម៉ាំ និងជាសសៃឈាមដ៏សំខាន់ របស់ ក្រុមគោព្រៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បាននិយាយថា ៖«ការប្រកួតមិនទាន់ចប់ទេ! នៅសល់២ប្រកួតដ៏សំខាន់ទៀត។ សូមបួងសួងឲ្យ កាន់ ម៉ូ និង គឹម សុខយុទ្ធ ឆាប់ជាសះស្បើយ ពីរបួស»។ «ជាមួយគ្នានេះផងដែរ ប្រសិនបើមានគំនិតអំពីការរៀបចំលទ្ធផលទុកមុន គឺខុសទាំង ស្រុងហើយ។ រាល់កីឡាករបានប្រឹងប្រយុទ្ធ និងចង់ឈ្នះដើម្បីប្រទេសជាតិ ហើយកំហុសកើត ឡើងជារឿងធម្មតាក្នុងវិស័យបាល់ទាត់។ ខ្ញុំជឿជាក់ និងគាំទ្រ ដារ៉ា ១០០%»។ Nick Taylor បានបន្ថែមថា ៖«យើងសង្ឃឹមថា ជួបអ្នកទាំងអស់គ្នានៅផ្ទះយើងទៀត នៅពេលប្រកួតជាមួយ ទីម័រខាងកើត។ ឥឡូវនេះជាពេលស្តារកម្លាំងថាមពលឡើងវិញ បន្ទាប់ពីពីរបីថ្ងៃដ៏លំបាក»

សូមបញ្ជាក់ដែរថា ក្នុងពូល A មានក្រុមជម្រើសជាតិ៥ប្រទេស ក្នុងនោះរួមមាន៖ កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត។  ក្រោយក្រុមជម្រើសជាតិគោព្រៃកម្ពុជា បរាជ័យក្រោមថ្វីជើងក្រុមជម្រើស ជាតិតោកន្ទុយត្រីសិង្ហបុរីម្ចាស់ផ្ទះ បេសកកម្មបន្តរបស់កម្ពុជា នឹងត្រូវជូបតតាំងជាមួយក្រុមបាតតារាង ទ័ម័រខាងកើត កាត់សេចក្ដី៩០នាទី ដើម្បីរកបាន៣ពិន្ទុ ឡើងទៅកាន់វគ្គបន្ត ខណៈការប្រកួតនឹង ប្រព្រឹត្តិទៅនៅលើទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ ខែធ្នូ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕