2024-12-12 21:10
138

រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយូល (Yoon Suk Yeol) បាននិយាយការពារនូវការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គាត់ នៅក្នុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីយប់ ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ ដោយគាត់បានអះអាង ថា គាត់បានធ្វើបែបនេះ ក៏ដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយនេះ។ នេះបើតាមទូរទស្សន៍ BBC បានផ្សាយផ្សាយ។ លោកប្រធានាធិបតី យូន ស៊ុកយូល បានបញ្ជាក់ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ថា ការប៉ុនប៉ងបែបនេះ ក៏ជាការសម្រេចចិត្តតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់នូវការដួលរលំ នៃលទ្ធិប្រជាធិបតេយ្យ ហើយប្រឆាំងនឹងរបបផ្តាច់ការរបស់គណបក្សប្រឆាំង នៅក្នុងរដ្ឋសភា។ បើទោះជាមានការអំពាវនាវ កាន់តែខ្លាំងឡើង ជំរុញឱ្យលោកប្រធានាធិបតី លាលែងពីតំណែង ឬ ត្រូវរងការចោទប្រកាន់យ៉ាងណាក៏ដោយ ក៏លោក យូន បានផ្តល់យោបល់ ថា  គាត់នឹងមិនចុះចេញពីតំណែងនោះឡើយ។ លោកប្រធានាធិបតី យូន ស៊ុកយូល បានសង្កត់ធ្ងន់ ថា៖«ខ្ញុំនឹងប្រកាន់ជំហរ មិនថា ខ្ញុំត្រូវរងការចោទប្រកាន់ ឬ ត្រូវរងការស៊ើបអង្កេតនោះទេ។ ខ្ញុំនឹងតស៊ូ រហូតដល់ទីបញ្ចប់» បច្ចុប្បន្ន ប្រធានាធិបតីកូរ៉េខាងត្បូង និង សម្ពន្ធមិត្តរបស់គាត់ កំពុងតែប្រឈមមុខនឹងការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពីបទបះបោរ ហើយបានជាប់បម្រាម ធ្វើដំណើរទៅក្រៅប្រទេស។ ប៉ុន្ដែលោកប្រធានាធិបតី បានបដិសេធ ថា បទបញ្ជាច្បាប់អាជ្ញាសឹករបស់គាត់ មិនមែនជាសកម្មភាពបះបោរនោះឡើយ។ ប៉ុន្ដែគាត់បានអះអាង ថា គូប្រជែងខាងនយោបាយរបស់គាត់ ឥឡូវកំពុងតែបង្កើតនូវការញុះញ៉ងក្លែងក្លាយ ដើម្បីទម្លាក់គាត់ពីអំណាច៕