2024-12-12 21:14
130

ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បច្ចុប្បន្នសមាជិកសមាជិកសភា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះគួរឱ្យចាក់ដោតមួយថា៖ «ក្នុងឱកាសទិវាប្រឆាំងការជួញដូរមនុស្ស តើមានអ្នកណាអាចជួយនារីម្នាក់នេះបានទេ? គាត់ទាក់ទងខ្ញុំមួយអាទិត្យហើយៗគាត់បានទាក់ទងស្ថានទូតយើងនៅចិនដែរ តែស្ថានទូតថាគាត់មានអេតាស៊ីវិលជាមួយចិន គេមិនអាចជួយបានទេ។ តែឯកសារគាត់ទាំងអស់ត្រូវប្តីយកទុក»។ 

យោងតាមពាក្យស្នើសុំអន្តរាគមន៍របស់ ម្តាយនារីរងគ្រោះត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានឱ្យដឹងថា ស្ត្រីមានឈ្មោះ ដួង សុខន អាយុ ៦៥ឆ្នាំ មានទីលំនៅផ្ទះលេខ ១០៥ ផ្លូវលំភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ប្រើទូរសព្ទលេខ ០៨៩ ៤៥៥ ២៧៧ បានដាក់ជូនលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីស្នើសុំអន្តរាគមន៍ជួយសង្គ្រោះកូនស្រីរបស់គាត់មានឈ្មោះ ហេង ទិត្យចន្ទ្រា ហៅ ស្រីវិត អាយុ ៣៧ឆ្នាំ ត្រូវបានចាញ់បោកមេខ្យល់យកទៅលក់ឲ្យបុរសជនជាតិចិន នៅប្រទេសចិនធ្វើជាប្រពន្ធ។

ក្នុងលិខិតរបស់ម្តាយនារីគ្រោះដែលចាញ់បោកគេនាំយកទៅប្រទេសចិន បានជម្រាបជូនលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន៖ «នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ កូនស្រីគាត់កំពុងធ្វើការនៅកន្លែងកែសម្ផស្សមិនស្គាល់ទីតាំង នៅម្តុំត្រពាំងថ្លឹង ស្រាប់តែកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បាត់ដំណឹងកូនស្រីទាក់ទងលែងបាន។ ប្រហែលមួយអាទិត្យក្រោយមកនាងបានទាក់ទងមកតាមឆាតហ្វេសប៊ុកប្រាប់ថា កំពុងស្នាក់នៅប្រទេសចិន បានចាញ់បោកមេខ្យល់ឈ្មោះ លីន និងបក្ខពួកបញ្ចុះបញ្ចូលឲ្យទៅយកប្តីជនជាតិចិន នៅប្រទេសចិន និងធានារកបុរសល្អៗឲ្យ មានការងារធ្វើបានលុយច្រើន»។ 

តាមការសុំអន្តរដដែល បានបញ្ជាក់ថា៖ «នៅថ្ងៃមិនចាំខែតុលា ឆ្នាំ២០២៤ កូនស្រីបានប្រាប់ថា ចង់ត្រឡប់មកកម្ពុជាវិញ មិនអាចរស់នៅជាមួយប្តីជនជាតិចិនបានទេ ព្រោះប្តីបិទសិទ្ធិសេរីភាពឲ្យនៅតែក្នុងផ្ទះ ដកហូតលិខិតឆ្លងដែន ដកហូតឯកសារផ្ទាល់ខ្លួនផ្សេងៗ មិនឲ្យប្រាក់ចាយ និងបង្ខំរួមភេទ បង្ខំឲ្យផឹកថ្នាំឆាប់មានកូន»

ស្ត្រីមានឈ្មោះ ដួង សុខន ជាម្តាយនារីរងគ្រោះ បានបន្ថែមទៀតថា៖ «បច្ចុប្បន្នកូនស្រីគាត់នាងកំពុងស្នាក់នៅក្នុងផ្ទះប្តីជនជាតិចិន នៅភូមិអ្វីជូជើង ឃុំរួយធាន ស្រុកសុងស៊ី ខេត្តហ៊ូចៀន ប្រទេសចិន ប្រើហ្វេសប៊ុកឈ្មោះ ហេង ទិត្យចន្ទ្រា (Srey vit) និងវីឆាតឈ្មោះ ស្រីវីត លេខ 13559840245 ស្នើសុំឱ្យលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន មេត្តាអន្តរាគមន៍ជួយសង្គ្រោះ កូនស្រីរបស់គាត់ឲ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយក្ដីអនុគ្រោះ»