2024-12-12 21:17
146

កំពង់ឆ្នាំង៖ អតីតអភិបាលរងស្រុកកំពង់លេង និងប្រធានការិយាល័យប្រជាពលរដ្ឋ ព្រមទាំងបក្ខ ០១នាក់ទៀត ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចផ្តន្ទាទោសជនជាប់ចោទពីបទ៖ «បំផ្លាញ, គែបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយដីព្រៃលិចទឹក និងអំពើសមគំនិត»ក្នុងនោះ ០២នាក់ ត្រូវបានដាក់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន ០៤ (បួន)ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ១០លានរៀល និងម្នាក់ទៀត ដាក់ពន្ធនាគារ ចំនួន ០៣ (បី)ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៦លានរៀល។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមព្រហ្មទណ្ឌលេខ ៨០  ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយបានសម្រេចដូចខាងក្រោម៖

១- ផ្តន្ទាទោសជនជាប់ចោទ ចំនួន ០៣ រូប ក្នុងនោះជនជាប់ចោទ ចំនួន ០២ រូប (១រូបជាអាជីវករ និង១រូបទៀត ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង) ដាក់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន ០៤ (បួន)ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ១០ រៀល ពីបទ៖ «បំផ្លាញតៃបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយដីព្រៃលិចទឹក» ប្រព្រឹត្តនៅចំណុច តាទុំ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ តាម មាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និង មាត្រា ៩៨ ចំណុច១ នៃច្បាប់ស្តីពី ជលផល។ 

ចំណែកជនជាប់ចោទ ០១ រូបទៀត ជាអតីតអភិបាលរង ស្រុកកំពង់លែង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន ០៣ (បី)ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៦រៀល ក្នុង «អំពើសមគំនិត ពីបទបំផ្លាញគែបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយដីព្រៃលិចទឹក» ប្រព្រឹត្តនៅចំណុច តាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ តាមមាត្រា ២៩មាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និង មាត្រា ៩៨ ចំណុច១ នៃច្បាប់ស្តីពី ជលផល។

អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះវត្ថុចាប់យកមួយចំនួន ត្រូវបានតុលាការសម្រេចរឹបអូស និងមួយចំនួនទៀត ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។

សូមជម្រាបថា បុគ្គលចំនួន ០៣ រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ រួមមាន ទី១- ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ ៥៩ឆ្នាំ ជាអភិបាលរងស្រុកកំពង់លែងទី២- ឈ្មោះ លឹម ដានីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និង ទី៣- ឈ្មោះ ជួន តុំ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ម្ចាស់សិប្បកម្មផលិតទឹកកក ត្រពាំងពេជ្រ បានឃុបឃិតគ្នារំលោភយកព្រៃលិចទឹក ទំហំ ៩ហិចតា ជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយមកធ្វើជាកម្មសិទ្ធិឲ្យទាន់ពេលដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ។

សំណុំរឿងករណីនេះ ACU បានបើកការស៊ើបអង្គេត ប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី សរុបចំនួន ១៥ នាក់ ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនិតិវិធី។ ក្រោយពីមានចំណាត់ការជាបន្តបន្ទាប់ពីស្ថានប័នតុលាការរហូតឈានដល់ជំនុំជម្រះសម្រចផ្តន្ទាទោសឱ្យចាប់ពន្ធនាគារ និងផាកពិន័តទៅស្ថានទម្ងន់ទោសរៀងៗខ្លួន៕