2024-12-12 21:23
195

សៀមរាប៖ ករណីអំពើឃាតកម្ម បាញ់សម្លាប់លើអ្នកសារព័ត៌មានអនឡាញម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប 

កាលពីពេលថ្មីៗនេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងរៀបចំសន្និសីទសារព័ត៌មាន លម្អិតពាក់ព័ន្ធករណីនេះ នាវេលាម៉ោង ១៥និង០០នាទី ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា៖ «ករណីឃាតកម្មបាញ់សម្លាប់លើឈ្មោះ ឈៀង ឈឹង ជាអ្នកសារព័ត៌មាន នៃអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប តំណាងអយ្យការ នឹងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០ នាទីរសៀល នៅសាលប្រជុំធំ អគារ  នៃសាលាដំបូងខេត្តសៀមរាប។

អយ្យការអមសាលាដំបូងខេត្តសៀមរាប សូមអញ្ជើញបណ្តាញសារព័ត៌មាន ទាំងអស់ដើម្បីចូលរួមយកព័ត៌មាន តាមការគួរ និងសូមទំនាក់ទំនងជាមួយ លោក សេង គឹមលាន តាមរយៈទូរសព្ទលេខ ០១២ ៣០១១៣១ ដើម្បីចុះឈ្មោះចូលរួមសម្រាប់សន្និសីទព័ត៌មាននេះតែម្តង។

សូមជម្រាបថា នៅវេលាម៉ោង ១៨និង០០នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង មានករណីបាញ់ប្រហារទៅលើជនរងគ្រោះ ឈឿង ឈឹង បម្រើការងារក្នុងអង្គភាពកម្ពុជាអភិវឌ្ឍន៍ ត្រូវបានជនជាប់ចោទមានឈ្មោះ ស៊ី លឿយ ប្រើប្រាស់អាវុធកែច្នៃបាញ់ប្រហារ ចំនួន ០១ គ្រាប់ បណ្តាលឱ្យត្រូវចំត្រង់ពោះចំហៀងផ្នែកខាងឆ្វេងរងរបួសធ្ងន់ និងបានស្លាប់បន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាន១ថ្ងៃ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោយកើតមានការណីបាញ់ប្រហារនេះភ្លាមៗ បានបញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង និងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញជនជាខ្មាន់កាំភ្លើង បង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរ រួមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមច្បាប់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌករណីបាញ់ប្រហារលើភ្នាក់ងារសារព័ត៌មានអនឡាញខាងលើនេះ គឺផ្តើមឡើងពីរឿងគំនុំផ្ទាល់ខ្លួន មិនពាក់ព័ន្ធរឿងនយោបាយឡើង។ ចំពោះព័ត៌មានលម្អិតបន្ថែមអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងបកស្រាយក្នុងសន្និសីទ នារសៀលថ្ងៃស្អែកនេះ៕