
ព្រះសីហនុ៖ នាវាទេសចរណ៍ ០១ គ្រឿង បាននាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជាង ៥០០នាក់ និងវាវឹក ជាង ៤០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ច និងដើរកម្សាន្តរយៈពេល១ថ្ងៃ។
មន្ត្រីប្រចាំការកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ នាវាទេសចរណ៍អន្តរជាតិ ០១ គ្រឿង មានឈ្មោះ «SEABOURN ENCORE» សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០,៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅកសសដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
ប្រភពបានឱ្យដឹងទៀតថា នាវាទេសចរណ៍ ០១គ្រឿងនេះ មាននាវិក សរុបចំនួន ៤០៤ នាក់ (ស្រី ១០៦ នាក់) មាន ៤៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍ សរុបចំនួន ៥៤០ នាក់ (ស្រី ២៦៧ នាក់) មាន ៣៤ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសញ្ញាតិសហរដ្ឋអាមេរិក មានចំនួន ២១៨ នាក់ អូស្រ្តាលី ១០៣ នាក់ និងអង់គ្លេស ៧៤ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៨និង៤០ នាទីល្ងាចនៅថ្ងៃដដែល។
លោកវរសេនីយ៍ឯក សុខ ចំរើន នាយនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានដឹកនាំកម្លាំងឡើងលើនាវា ដើម្បីសម្រួលបំពេញបែបបទចូលប្រទេស និងបានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ជូននាវាទេសចរណ៍ ០១ គ្រឿងនេះយ៉ាងយកចិត្តទុកដាក់។ ចំពោះភ្ញៀវទេសចរចម្រុះជាតិសាសន៍ នឹងទស្សនាកម្សាន្តក្នុងទឹកដីខេត្តព្រះសីហនុ, រាជធានីភ្នំពេញ និងទៅទស្សនាប្រាសាទអង្គរវត្ត នាខេត្តសៀមរាប ផងដែរ។
សូមរំឭកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ «SEA BOURN ENCORE» បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុម្តងរួចហើយ ដែលភ្ញៀវទេសចរភាគច្រើនជាជនជាតិអង់គ្លេស និងអាមេរិក សរុបចំនួនប្រមាណ ៥៦១ នាក់ និងនាវិក ៤២០ នាក់ ហើយនេះជាលើក២ សម្រាប់ឆ្នាំ២០២៤ ដែលនាវីទេសចរណ៍លំដាប់អន្តរជាតិ បាននាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍មកទស្សកិច្ច និងដើរកម្សាន្តលេងតាមរមនីយដ្ឋាននានារបស់កម្ពុជា៕




