
ភ្នំពេញ: ជនសង្ស័យពីរនាក់ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ខណៈម្ចាស់ចតទុកចោលក្រោមដើមត្នោត។ លុះពេលជិះចេញបានជ្រុះស្បែកជើងក៏ជិះត្រឡប់មកយកស្បែកជើង ចៃដន្យត្រូវប្រជាពលរដ្ឋ ឃើញក៏ស្រែកឆោឡោនិងដេញចាប់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅចំណុច ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ អ៊ុល យីន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរឡើងត្នោត ស្នាក់នៅភូមិក្រាំងដូនតី សង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AX-6309 ទៅឈប់ក្រោមដើមត្នោតនៅវាលស្រែ រួចក៏ឡើងទៅដាក់ទឹកត្នោត ខណៈគាត់កំពុងនៅលើចុងត្នោតក៏ស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាកមកឈប់ក្បែរម៉ូតូគាត់ ហើយបានធ្វើសកម្មភាពកាច់សោ.កម៉ូតូបម្រុង និងជិះរត់គេចខ្លួនក៏បានជ្រុះស្បែកជើង ពេលនោះជនសង្ស័យបានជិះត្រឡប់មកយកស្បែកជើងវិញ ត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ប្រទះឃើញស្រែកឆោឡោផ្អើលទៅដល់ប្រជាពលរដ្ឋឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យបានម្នាក់ប្រគល់ទៅឲ្យសមត្ថកិច្ច ចំណែក បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ផងដែរ ។
ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគបាលរដ្ឋបាលព្រៃស ដើម្បីធ្វើការសាកសួរ និងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕


