
ភ្នំពេញ៖ នាវាចម្បាំងរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ដែលមានឈ្មោះ «USS SAVANNAH (LCS 28)» រួមទាំងនាវឹក សរុបចំនួន ១០៣ នាក់ នឹងធ្វើការចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព លើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិក សរុបចំនួន ១០៣ នាក់ នឹងធ្វើការចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ សម្រាប់ការចូលចតនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពិតមានសេចក្តីសោមនស្សរីករាយ តបតាមសំណើរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង»។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក មានចំនួន ២៧ គ្រឿង ដែលការចូលសំចតលើកនេះ ជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ។ ក្នុងអំឡុង ពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជារយៈពេលប្រាំថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការ សកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ»។
ក្រសួងបានបន្ថែមឱ្យដឹងទៀតថា ក្នុងផែនការសកម្មភាពដែលបានគ្រោងទុក រួមមាន ជំនួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិក របស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក»៕



