2024-12-13 18:20
151

ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់ដោយជម្ងឺ ហើយប្ដីរបស់គាត់បានដឹកសពយកទៅតម្កល់ទុកនៅក្នុងឈាបនដ្ឋានវត្តតាំងកសាងខាងត្បូង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យដើម្បីបូជា ។ ប៉ុន្តែដោយសារតែពុំមានឯកសារបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធនិងការស្លាប់ ទើបពុំអាចបូជាបាន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យកាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។ សមត្ថកិច្ចបានរកឃើញគ្រូពេទ្យត្បាញអាយម្នាក់ដែលទើបរៀនចប់ថ្នាក់ទី១២ ហើយអត់បានរៀនជំនាញពេទ្យផង តែហ៊ានបើកកន្លែងពិនិត្យនិងព្យាបាលជំងឺឲ្យស្រ្តីរងគ្រោះ ព្រមទាំងលក់ថ្នាំថែមទៀតផង ។

ស្រ្តីរងគ្រោះ សេង ស្រីកា អាយុ៣០ឆ្នាំ មានជំងឺបេះដូងចំហរ និងជំងឺសួត មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល ។ មានប្ដីឈ្មោះលឹម សម្ផស្ស អាយុ៣៦ឆ្នាំមុខរបររើសអេតចាយ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត ។ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលរបស់មិត្តភក្ដិម្នាក់ឈ្មោះ គន់ ស្រីវី អាយុ៣៣ឆ្នាំ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានប្រាប់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្រ្តីរងគ្រោះមានអាការៈក្អកខ្លាំង ហើយប្ដីបាននាំទៅរកគ្រូពេទ្យនៅកន្លែងលក់ថ្នាំនិងព្យាបាលជំងឺគ្មានស្លាកយីហោមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទា១ ដើម្បីពិនិត្យនិងព្យាល ។ ពេលនោះគ្រូពេទ្យគ្មានជំនាញខាងលើបានជួសឈាមយកទៅពិនិត្យ និងបានដាក់សារ៉ូមឲ្យរួចរាល់ ប្ដីក៏បាននាំត្រលប់ទៅបន្ទប់ជួលវិញ ក្រោយមកពួកគាត់អត់បានទៅយកលទ្ធផលពិនិត្យឈាមឡើយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែធ្នូ ស្រាប់តែមានអាការៈអត់ស្រួលខ្លួនម្ដងទៀត ហើយប្ដីក៏នាំទៅកាន់ទីតាំងព្យាបាលដដែលនោះទៀត ហើយគ្រូពេទ្យខាងលើបានចាក់ថ្នាំដាក់សេរ៉ូមឲ្យរួចក៏បាននាំគ្នាត្រលប់ទៅបន្ទប់ជួលមិត្តភក្កិវិញ។ ប្ដីជនរងគ្រោះក៏បានផ្ញើជនរងគ្រោះឲ្យមិត្តភក្កិរបស់គាត់ជួយមើល រួចគាត់ក៏បានចេញទៅរើសអេតចាយបាត់ទៅ។ លុះដល់វេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ប្ដីស្ត្រីរងគ្រោះខាងលើបានត្រឡប់មកវិញ ស្រាប់តែ ឃើញប្រពន្ធមានអាការៈកាន់តែមិនស្រួលជនរងគ្រោះ និងប្ដីរបស់គាត់បានប្រើមិត្តភក្កិឲ្យទៅទិញថ្នាំឱ្យ  មិត្តភក្កិមកពីទិញថ្នាំវិញ  ស្រាប់តែជនរងគ្រោះមានអាការៈកាន់តែខ្លាំងឡើង ទើបប្ដីស្ត្រីរងគ្រោះបាន ហៅកង់បីដឹកទៅកាន់មន្ទីរពេទ្យព្រះកុសមៈ តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថាស្លាប់បាត់ទៅហើយ ។

ប្រភពខាងលើបានប្រាប់បន្តទៀតថា ពេលនោះប្ដីបានដឹកសពប្រពន្ធតាមកង់បីដដែលត្រលប់ទៅកាន់ឈាបនដ្ឋានវត្តតាំងកសាងខាងត្បូង ហើយរហូតដល់វេលាម៉ោងជាង៤ល្ងាច ថ្ងៃដដែល អត់មានអ្នកហ៊ានបូជាឲ្យទេ ។ ព្រោះពុំមានឯកសារបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធ និងការស្លាប់នោះ ទើបពុំអាចបូជាបាន ខណៈបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើឯកសារប្រគល់សពឲ្យប្ដីបូជាទាំងយប់ ។

សមត្ថកិច្ចបានប្រាប់បន្តថា ក្រោយពីបានសួរនាំប្ដីជនរងគ្រោះដឹងរឿងអស់ហើយ នគរបាលក៏បានចុះទៅពិនិត្យដល់ទីតាំងព្យាបាលជំងឺឲ្យស្រ្តីរូបនោះពីដំបូងនោះ ខណៈនោះបានរកឃើញថា គ្រូពេទ្យអត់បានរៀនជំនាញពេទ្យនោះទេ គឺទើបតែរៀនចប់ថ្នាក់ទី១២ ប៉ុណ្ណោះ ក៏បើកកន្លែងលក់ថ្នាំនិងព្យាបាលជំងឺគ្មានស្លាកយីហោខាងលើនោះតែម្ដង។ ទាក់ទងទៅនឹងគ្រូពេទ្យមិនបានរៀនជំនាញពេទ្យ ហើយមកបើកកន្លែងលក់ឱសថនិងពិនិត្យព្យាលជំងឺបែបនេះពិតជាបង្កហានិភ័យដល់អ្នកជំងឺគ្រប់ពេល ។ ប៉ុន្តែសមត្ថកិច្ចមិនបានបិទទីតាំងនោះ ឬមានវិធានការផ្លូវច្បាប់ចំពោះគ្រូពេទ្យត្បាញអាយម្នាក់នេះឡើយ ដោយសមត្ថកិច្ចបញ្ជាក់ថា ស្រ្តីរងគ្រោះរូបនោះស្លាប់ដោយជំងឺពុំមែនស្លាប់ដោយការព្យាបាលរបស់គ្រូពេទ្យនោះទេ។ បើសិនជាស្លាប់ដោយការព្យាបាល ឬប្រតិកម្មថ្នាំគឺក្រោយពេលចាក់ថ្នាំរួច ត្រឹមតែកន្លះម៉ោងឬ១ម៉ោងនិងស្លាប់ហើយ ប៉ុន្តែនេះមកពីអាការៈជំងឺរបស់គាត់ធ្ងន់ពេក ទើបស្លាប់ ៕